តូក្យូ៖ អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ និងរដ្ឋាភិបាលជប៉ុនបានបន្តរងការវាយលុកដដែល បន្ទាប់ពីសមាជិក IOC ជាន់ខ្ពស់ម្នាក់បាននិយាយថា ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២០ កំពុងត្រូវបានគំរាមកំហែងដោយការរីករាលដាលនៃវីរុស ដោយជោគវាសនារបស់ពួកគេ ប្រហែលជាត្រូវសម្រេចនៅ ៣ខែបន្ទាប់យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
នាយកប្រតិបត្តិគណៈកម្មាធិការរៀបចំកម្មវិធីនៅទីក្រុងតូក្យូ លោក Toshiro Muto បានហៅសន្និសីទកាសែតមួយភ្លាមៗ នៅរសៀលថ្ងៃពុធ ដើម្បីឆ្លើយតបនឹងយោបល់របស់លោក Dick Pound អតីតអនុប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Associated Press ។ លោក Muto បាននិយាយជាភាសាជប៉ុនថា គំនិតជាមូលដ្ឋានរបស់យើង គឺថាយើងនឹងឆ្ពោះទៅមុខជាមួយនឹងការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ា ឡាំពិកដូចដែលបានគ្រោងទុក ។ សម្រាប់ពេលបច្ចុប្បន្ននេះស្ថានភាពនៃការឆ្លងវីរុសនេះ គឺពិតជាពិបាកក្នុងការទស្សទាយណាស់ ប៉ុន្តែយើងនឹងចាត់វិធានការ ដូចជាយើងនឹងមានកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកប្រកបដោយសុវត្ថិភាព។
ការផ្ទុះឡើងនៃវីរុសបានចាប់ផ្តើមនៅក្នុងប្រទេសចិន បានឆ្លងដល់មនុស្សជាង៨ម៉ឺននាក់ និងបានសម្លាប់មនុស្សជាង ២,៧០០ នាក់នៅទូទាំងពិភពលោក។ ប្រទេសចិនបានរាយការណ៍ថា មានអ្នកស្លាប់ ២,៧១៥ នាក់ក្នុងចំណោម ៧៨,០៦៤ ករណីនៅលើដីគោក ។ ការស្លាប់ចំនួន៧នាក់នៅប្រទេសជប៉ុន ត្រូវបានគេសន្មតថា ជាវីរុស។
Pound ជាសមាជិកនៃ IOC ចាប់តាំងពីឆ្នាំ១៩៧៨ ដោយបានបម្រើការជាអនុប្រធានាធិបតីចំនួន ២ អាណត្តិ និងជាប្រធានស្ថាបនិកនៃទីភ្នាក់ងារ ប្រឆាំងសារធាតុហាមឃាតក្នុងកីឡាពិភពលោក ។ លោកបានបម្រើការយូរជាងប្រធាន IOC លោក Thomas Bach ១៣ ឆ្នាំ ហើយលោកក៏បានតំណាងឲ្យប្រទេសកាណាដា ក្នុងនាមជាអ្នកហែលទឹកម្នាក់នៅក្នុងព្រឹត្តិការណ៍អូឡាំពិក ៕ ដោយ៖លី ភីលីព