ភ្នំពេញ៖ សមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ (ទ័ព) កាលពីរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសបង្កើត គណៈកម្មការគ្រប់គ្រង និងទ្រទ្រង់របស់ខ្លួន ជាផ្លូវការហើយ ដោយមាន លោក ស៊ុប៉ាឆៃ វីរៈពូជុង អគ្គនាយកស្ថានីយ៍ទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ ត្រូវបានតែងតាំងជាប្រធាន ហើយលោកក៏បានប្រកាស ឧបត្ថម្ភដល់អតីតក្រុមជើងឯក ពានសម្ដេចតេជោ ហ៊ុន សែន ៣សម័យកាលនេះ រយៈពេល ១០ឆ្នាំ ក្នុងមួយឆ្នាំ ៣០ម៉ឺនដុល្លារទៀតផង។
ពិធីប្រកាសបង្កើត គណៈកម្មការគ្រប់គ្រង និងទ្រទ្រង់សមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រកាស ភាពជាដៃគូឧបត្ថម្ភនេះ បានធ្វើឡើង នៅសណ្ឋាគាសូហ្វីតែល ក្រោមវត្តមាន លោក នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សា កីឡាកងយោធពល ខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន នាយកមជ្ឈមណ្ឌល កីឡាកងយោធពល ខេមរភូមិន្ទ នៃក្រសួងការពារជាតិ រួមជាមួយ នាយករង លោកគ្រូ បង្វឹក និងកីឡាករ សមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ ជាមួយភាគី ដៃគូសហការណ៍ឧបត្តម្ភ ជាច្រើនរូបទៀតចូលរួម។
ថ្លែងក្នុងពិធីនោះ លោក នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានបញ្ជាក់ថា ការបង្កើតគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់សមាគមនេះ គឺដើម្បីធានានិរន្ដរភាព របស់សមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ តាមរយៈការពង្រឹងការអភិវឌ្ឍ និងបណ្ដុះបណ្ដាលធនធាន កីឡាករល្អៗឲ្យបានច្រើន សម្រាប់ធ្វើការប្រកួតប្រជែង ជាមួយបណ្ដាក្លិបផ្សេងៗ ក្នុងលីគ ក៏ដូចជាពានសម្ដេចតេជោ ហ៊ុន សែន រួមទាំងការកសាងបន្ថែម នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជាការជួសជុល កីឡដ្ឋានកងយោធពល ខេមរភូមិន្ទ (ស្ដាតចាស់) ជាដើម។
ចំពោះសមាសភាព របស់គណៈកម្មការគ្រប់គ្រង និងទ្រទ្រង់ សមាគមទើបប្ដូរ មកពីឈ្មោះក្លិបក្រសួងការពារជាតិនេះ ក្រៅពីលោក ស៊ុប៉ាឆៃ វីរៈពូជុង ត្រូវបានតែងតាំង ជាប្រធានហើយនោះ ក៍នៅមានលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ក៍ត្រូវបានតែងតាំង ជាអនុប្រធាន ព្រមទាំងវត្តមានសមាជិក មួយចំនួនទៀត ។
ចំពោះ លោក ស៊ុប៉ាឆៃ វីរៈពូជុង ក្នុងនាមអគ្គនាយក TV5 លោកបានប្រកាស ឧបត្ថម្ភរយៈពេល ១០ឆ្នាំ ដល់សមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ ដោយក្នុង ១ឆ្នាំ ៣០ម៉ឺនដុល្លារ សរុបគឺមានទឹកប្រាក់ចំនួន ៣លានដុល្លារ ។ បន្ថែមលើនេះ លោកក៏បានប្រកាស ជំហររ៉ាប់រង់បញ្ហាថវិកា របស់សមាគមទៀតផង៕ ដោយ៖ លី ភីលីព