ខេត្តកណ្តាល៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ បានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ អាងហែលទឹកស្ថិតក្នុងបរិវេណកីឡដ្ឋានស្រុកកោះធំ ខេត្តកណ្ដាល ដែលរហូតមកទល់ ពេលនេះសម្រេចការសាងសង់បាន១០០ភាគរយហើយ។
កម្មវិធីនេះមានសមាសភាពចូលរួមពីលោក និងសមាជិកសមាជិកាក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក-ឃុំ សមាជិកសមាជិកាគណៈអចិន្ត្រៃយ៍ គណបក្សស្រុក គណៈកម្មការបក្សស្រុក ប្រធានគណបក្សឃុំ យុវជនស្រុក-ឃុំ លោកគ្រូអ្នកគ្រូ នាយក នាយករង លោកគ្រូអ្នកគ្រូទទួលបន្ទុកការងារកីឡា និងកីឡាករ-កីឡាការិនីហែលទឹក មកពីរាជធានីភ្នំពេញសរុបទាំងអស់ប្រមាណ ២០០នាក់។
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថា កម្មវិធីនេះមានការរៀបចំឲ្យមានការប្រកួតហែលទឹក និងលេងបាល់ទឹក សាកល្បងលើកទីមួយដឹកនាំ ដោយលោកប្រធានដើម្បីជំរុញលើកទឹកចិត្ត និងបំផុសចលនា យុវជន យុវនារី សិស្សានុសិស្សក្នុងវិទ្យាល័យទាំង៤នៃស្រុកកោះធំឲ្យចូលរួមក្នុងវិស័យកីឡា ដើម្បីលើកកម្ពស់សុខភាព ក៏ដូចជាស្វែងរកកីឡាករដែលមានសមត្ថភាពខ្ពស់អាចត្រៀមចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងអន្តរជាតិ។
លោកបានបន្តថា ទាក់ទងនឹងវិស័យកីឡាវិញ លោកប្រធានបានបន្ថែមថា ពីដើមកីឡដ្ឋានស្រុកកោះធំនេះជាដីលិចទឹក ប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានសាងសង់កន្លែង បាល់ទាត់ បាល់បោះ បាល់ទះ ជាពិសេសអាងហែលទឹកខ្នាតអន្តរជាតិ ដែលអាចហ្វឹកហាត់ កីឡាករកីឡាការិនីដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាSEA GAMES ឆ្នាំ២០២៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ជាមួយគ្នានេះផងដែរលោកប្រធាន បានគូសបញ្ជាក់អំពីសារសំខាន់នៃសុខសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ឲ្យរួបរួម សហការ សាមគ្គីភាពគ្នាជាធ្លុងមួយដើម្បីថែរក្សា សុខសន្តិភាព និងការពារបូរណភាព ទឹកឲ្យបាន។
ឆ្លៀតក្នុងឱកាសនេះផងដែរ នៅក្នុងឱកាសទិវាសិទ្ធិនារី៨មីនាលើកទី១០៩នេះ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការ អបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះស្ត្រីក្រោមពាក្យខ្មែរថា មេដៃ មេជើង មេគយ មេជាង និងមេឃុំជាដើម ដែលបង្ហាញពី សារសំខាន់នៃតួនាទីរបស់ស្ត្រីនៅក្នុងសង្គម៕ ដោយ៖លី ភីលីព





