ភ្នំពេញ៖នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ លោក ព្រំ បុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសហព័ន្ធកីឡាជាតិទាំង៣០ ដែលមានការប្រកួតក្នុងកីឡាជាតិ លើកទី៣ ដើម្បីត្រួតពិនិត្យបទបញ្ញត្តិ និងបទបញ្ជា លើប្រភេទកីឡារៀងៗខ្លួន និងត្រៀមបោះពុម្ភផ្សាយ ទៅកាន់បណ្តារាជធានី ខេត្ត ក្រសួង ស្ថាប័ន ដើម្បីចូលរួម។
ចំពោះកីឡាជាតិលើកទី៣ក្រសួងអប់រំមានកីឡាទាំង៣០ប្រភេទត្រូវដាក់ប្រកួតរួមមានកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់, វាយសី, វាយកូនបាល់, វាយកូនឃ្លីលើតុ, ចំបាប់, តេក្វាន់ដូ W.T.F របស់កូរ៉េខាងត្បូង, ហែលទឹក, ល្បុក្កតោ, កាយសម្ព័ន្ធ, ប្រដាល់សាកល, ហ្សូរិនជីកាំប៉ូ និង តេក្វាន់ដូ I.T.F របស់កូរ៉េខាងជើង។
ការ៉ាតេដូ, ប្រដាល់គុនខ្មែរ, យូដូ, ទ្រីយ៉ាត្លុង, សូហ្វតិន្នីស, បេស្បល, ប្រណាំងកង់, សីដក់, កីឡាបាញ់កាំភ្លើង និង វ៉ូវីណាម ហើយឆ្នាំនេះក្រសួងសម្រេចថែម៣ប្រភេទកីឡាទៀត គឺម៉ូតូទឹក អុក និងកីឡាជិះសេះ។ ការប្រកួតកីឡាជាតិលើកទី៣នឹងប្រព្រឹត្តចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០។
ចំណែកការប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ មានប្រភេទកីឡាចំនួន១៥ វិញ្ញាសាមានចំនួន ១៨៩ រាជធានី-ខេត្តចំនួន២៥ ដោយមានមន្រ្តីដឹកនាំ និងគ្រូបង្វឹក មានចំនួន ៥៣១ នាក់ កីឡាករចំនួន ១៤៩៧ នាក់ កីឡាការិនីមានចំនួយ ៦០៩ នាក់ សរុបចំនួន ២៦ ៣៧ នាក់ ។
ចំណែកកីឡាជាតិលើកទី២ ឆ្នាំ២០១៨ មានប្រភេទកីឡាចំនួន២៧ វិញ្ញាសាមានចំនួន ២៧៤ រាជធានីខេត្ត ២៥ និង៣ក្រសួងគឺ ក្រសួងការពារជាតិ មហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តីដឹកនាំ និងគ្រូបង្វឹក មានចំនួន ៧៥៩ នាក់ កីឡាករចំនួន ២២៨៤ នាក់ កីឡាការិនី មានចំនួន ៩៩៩ នាក់សរុបចំនួន ២៦ ៣៧ នាក់៕ដោយ៖លី ភីលីព