ភ្នំពេញ៖ ខណៈដែលរាល់ការប្រមូលផ្ដុំនានា នៃកីឡាជម្រើសជាតិទាំងថ្នាល ទាំងឈុតធំត្រូវរំសាយ និង មិនមានការប្រមូលផ្ដុំ ដោយជាបណ្ដោះ អាសន្នដោយសារCovid-19 ក៏ដោយក៏កីឡាកាយសម្ព័ន្ធ នៅតែចំណាយពេលហ្វឹកហាត់ នៅតាមស្រុកភូមិ របស់ពួកគេដដែល ។
លោកណយ ផាណា ជាអគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រាប់ឲ្យដឹងថា ប្រភេទកីឡាកាយសម្ព័ន្ធ បើមិនមានការហ្វឹកហាត់តែមួយខែនោះ អ្វីៗនឹងស្មើសូន្យតែម្ដង ។ ប្រភេទកីឡានេះត្រូវការកម្លាំង និងភាពទន់ភ្លន់ ដែលភាពទន់ភ្លន់នេះ វាលំបាកជាងការហ្វឹកហាត់ កម្លាំងទៅទៀត ។
លោកទទួលស្គាល់ថា ពួកគេគឺទាំងកីឡាករ កីឡាការិនីថ្នាលទាំង១២រូប និងកីឡាករ កីឡាការិនី ជម្រើសជាតិធំចំនួន១៣រូប ត្រូវបានរំសាយទៅតាមផ្ទះវិញ ក៏ពិតមែនតែសហព័ន្ធ បានណែនាំពួកគេ ឲ្យធ្វើការហ្វឹកហាត់ នៅតាមផ្ទះរបស់ពួកគេ ឲ្យបានក្នុងមួយថ្ងៃ ពី១ម៉ោងទៅមួយម៉ងកន្លះ ឬក៏អាចច្រើនជាងនេះទៅទៀត ដែលផ្តល់ឱកាសឲ្យគេ ហើយគេអាចធ្វើបាន ។
ជាមួយនឹងការហ្វឹកហាត់នេះ សហព័ន្ធនៅបន្តតាមដាន ពីគុណផលរបស់ពួកគេ ព្រមទាំងតាមដាន ពីសុខភាពរបស់ពួកគេហើយ ប្រសិនបើមានអ្វីប្រែប្រួល ពិសេសសុខភាពរបស់ពួកគេ សហព័ន្ធនឹងបញ្ជូនគេ ទៅត្រួតពិនិត្យសុខភាព នៅមន្ទីរពេទ្យភ្លាម ។
សូមបញ្ជាក់ថា កីឡាកាយសម្ព័ន្ធមាន២ប្រភេទ គឺកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក (Gymnastic Aerobic) និង កាយសម្ព័ន្ធអារទីស្ទីក (GymNastic Artistic) ដែលទាំង២ប្រភេទនេះ សុទ្ធតែត្រូវការកម្លាំង និងភាពទន់ភ្លន់ដូចគ្នា។
លោកអគ្គលេខាបន្តថា សហព័ន្ធមិនបាន បង្ខិតបង្ខំគេឲ្យហាត់នោះទេ គ្រាន់តែឲ្យពួកគេហ្វឹកហាត់ខ្លះៗ ដើម្បីសុខភាពតែប៉ុណ្ណោះ ៕ ដោយ៖លី ភីលីព


