ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ តាមសាអេឡិចកត្រូនិចថា លោកនាយករដ្ឋមន្ត្រីជប៉ុន និងប្រមុខអូឡាំពិកអន្តរជាតិ (International Olympic Commetee) លោក ThomasBach បានបន្យារពេល នៃការប្រកួតកីឡាអូឡាំពិករដូវក្ដៅ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាឆ្នាំនេះ ដោយសារតែមេរោគកូរ៉ូណា ។
លោកបានបន្តថា តាមការគ្រោងទុក ការប្រកួតកីឡាអូឡាំពិករដូវក្ដៅឆ្នាំ២០២០ នៅទីក្រុងតូក្យូ នឹងធ្វើពិធីសម្ពោធ បើកការប្រកួត នៅថ្ងៃទី២៤ កក្កដា នាឆ្នាំ២០២០នេះ នាពហុកីឡដ្ឋានជាតិ New National Stadium ក្នុងទីក្រុងតូក្យូតែម្ដង ប៉ុន្តែនាយករដ្ឋមន្រ្តីជប៉ុន និងលោក Thomas Bach ប្រធានអូឡាំពិកអន្តរជាតិ សម្រេចលើកពេល ការប្រកួតកីឡាអូឡាំពិកទៅឆ្នាំក្រោយ ២០២១វិញ ។
ព្រឹត្តិការណ៍នេះ នឹងមានអត្តពលិកចូលរួម ចំនួនប្រមាណ១១.០៩១នាក់ ដោយមានកីឡាចំនួន៣៣ប្រភេទ ដែលមាន៣៣៩វិញ្ញាសា ត្រូវបានត្រៀមដាក់ឲ្យប្រកួត ដែលក្នុងនោះប្រភេទកីឡាការាតេ ដែលជាកីឡា មានដើមកំណើតនៅប្រទេសជប៉ុន នឹងត្រូវដាក់បញ្ចូល ជាប្រភេទកីឡាអូឡាំពិក លើកនេះទៀតផង ៕ ដោយ៖លី ភីលីព