ភ្នំពេញ៖លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាតំណាងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំមន្រ្តី ចុះសួសុខទុក្ខកីឡាករប៉េតង់ម្ចាស់ មេដាយមាសអាស៊ី២០១៩ កុយ សុភ័ក្រ្តា បានជួបគ្រោះថ្នាក់ចរាចរណ៍ វេលាម៉ោង១ និង៣០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
បច្ចុប្បន្នកីឡាករ កុយ សុភ័ក្រ្តា កំពុងសម្រាកព្យាបាលក្នុងអាគារវះកាត់ប្រព័ន្ធប្រសាទនៃមន្ទីពេទ្យព្រះកេតុមាលា (អតីតមន្ទីរពេទ្យ១៧៩) ជាមួយគ្នានោះលោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានពាំនាំយកនូវថវិការបស់អគ្គនាយកដ្ឋានកីឡាចំនួន៥០០,០០០រៀលជូនដល់គ្រួសារជនរងគ្រោះ ដើម្បីជួយសម្រួលក្នុងការព្យាបាល។
លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ បានពាំនាំថវិការឧបត្ថម្ភដល់កីឡាករប៉េតង់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ទឹកប្រាក់១លានរៀលដល់កីឡាករកុយសុភក្រ្តាដែរ។ កីឡាករ កុយ សុភក្រ្តា ធ្លាប់ជាកីឡាករ ឆ្នើមទទួលបានមេដាយមាសអាស៊ីនៅប្រទេសថៃ ឆ្នាំ២០១៧ មេដាយប្រាក់អាស៊ី នៅប្រទេស ម៉ាឡេស៊ីឆ្នាំ២០១៨ និងមេដាយមាសអាស៊ីនៅវៀតណាម ឆ្នាំ២០១៩។
អតីតកីឡាករប៉េតង់ឆ្នើមមួយរូប លោក ឌី សុបញ្ញា ដែលជាឱពុកបង្កើត និងក្រុមគ្រួសាររបស់កីឡាករ កុយ សុភ័ក្ដ្រា ជម្រើសជាតិ យុវជនថ្នាលប៉ូល និងប៉េតង់កម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា តំណាងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានកីឡា និងលោក ជា ប៊ុនហេង បានមកសួរសុខទុក្ខឧបត្ថម្ហថវិកាមួយចំនួនដល់កូន ប្រុសរបស់ខ្ញុំ ដែលបានជួបគ្រោះថ្នាក់ចរាចរ ប៉ះពាល់លលាដ៍ក្បាល ត្រូវបានវះកាត់ និងកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា៕