កីឡា

វៀតណាមគ្រោងចំណាយ ថវិកាប្រមាណ៧៧លានដុល្លារ សម្រាប់ការប្រកួតកីឡា SEA GAMES ២០២១

ភ្នំពេញ៖ ប្រទេសវៀតណាមបានត្រៀមរួចជាស្រេចហើយក្នុងការចំណាយនូវថវិកាចំនួន១,៤សែនកោដិដុងស្មើនឹងប្រមាណជា៧៧លានដុល្លារ ដើម្បីរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣១ឆ្នាំ២០២១ដែលគ្រោងនឹងធ្វើនៅទីក្រុងហាណូយ ។

ការប្រកួត SEA GAMES កទី៣១នេះនឹងគ្រោងធ្វើពិធីបើកនូវថ្ងៃទី២១ ខែវិច្ឆិកា ២០២១ និងបិទ ការប្រកួតជាផ្លូវការនៅថ្ងៃទី២ ខែធ្នូ ២០២១ ទោះបីគេនូវមិនទាន់កំណត់ ពីប្រភេទកីឡាក៏ពិតមែនតែ គណៈកម្មាធិការជាតិអូឡាំពិក វៀតណាម បានបង្ហាញថា មានកីឡាចំនួនពី៣៦ដល់៤០ប្រភេទ ដែលត្រូវដាក់ឲ្យប្រកួត ដែលប្រភេទកីឡាភាគច្រើន ជាប្រភេទកីឡាអូឡាំពិក ។

លោក Tran Duc Phan អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា និង បណ្ដុះបណ្ដាលកាយសម្បទាបាននិយាយថាវៀតណានឹងផ្ដោតសំខាន់លើការដាក់បញ្ចូលនូវប្រភេទកីឡាអូឡាំពិកឲ្យបានច្រើន ។ ជាមួយគ្នានេះក្នុងឋានៈជាម្ចាស់ផ្ទញវៀតណាមនឹងប្រើសិទ្ធរបស់ខ្លួនក្នុងការដាក់បញ្ចូលនូវប្រភេទកីឡាវ៉ូវីណាមដែលជាប្រភេទកីឡាមានដើមកំណើតនូវវៀតណាមទៅក្នុង SEA GAMES លើកនេះ ។

សូមបញ្ជាក់ថាវ៉ូវីណាមត្រូវបានអវត្តមានពីស៊ីហ្គេមចំនួន៣លើកមកហើយ ប៉ុន្តែឆ្នាំ២០២១នេះវ៉ូវីណាមនឹងមានវត្តមាននៅលើទឹកដីរបស់ខ្លួនក្នុងព្រឹត្តិការណ៍ SEA GAMES ។ជាមួយគ្នានេះវៀតណាមនឹងដាក់បញ្ចូលនូវប្រភេទកីឡាប្រពៃណីនៃតំបន់អាស៊ានដូចជាកីឡាអារនីស(Arnis)របស់ហ្វីលីពីនដែលស្រដៀងនឹងល្បុក្កតោរបស់កម្ពុជាដែលប្រភេទកីឡានេះមានវត្តមានក្នុងស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីនឆ្នាំ២០១៩ ។

ប្រភេទកីឡាអុក កីឡារាំ បញ្ចសីលា(Pencak Silat)កីឡាប៉េតង់ កីឡាកាយវប្បកម្ម និង កីឡាអេឡិចត្រូនិក(E-Sports) កីឡាសីស្លាប (Shuttle Cock) និងប្រដាល់សេរី ក៏នឹងមានវត្តមាននៅក្នុង SEA GAMES លើកទី៣១ដែរ ៕

ដោយ៖លី ភីលីព

Most Popular

To Top