បរទេស៖ នៅថ្ងៃសៅរ៍ទី៤ ខែមេសានេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man United ជាពិសេសសមាជិកក្រុម កីឡាករទាំងអស់ ទីបំផុតបានសម្រេចចិត្ត យល់ព្រម ក្នុងការទទួលយក ការកាត់បន្ថយប្រាក់កម្រៃ ដល់ទៅ៣០ភាគរយ ដើម្បីយកទៅជួយ ដល់ក្រុមការងារប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូរ៉ូណា ដែលកំពុងវាយលុកខ្លាំង នៅក្នុងប្រទេស។
កាសែតអង់គ្លេស The Sun បានសរសេរថាប្រធានក្រុម Harry Maguire ដែលជាកីឡាករទទួលបាន ប្រាក់កម្រៃ ប្រមាណជា១៩ម៉ឺនផោន ក្នុងមួយសប្តាហ៍នោះ ត្រូវបានអនុប្រធានក្លឹប ធ្វើការទំនាក់ទំនង ដោយផ្ទាល់ដើម្បីពិភាក្សាគ្នា អំពីបញ្ហាកាត់បន្ថយប្រាក់កម្រៃនេះ មុនការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង។
Maguire គឺជាមនុស្សសំខាន់បំផុត ក្នុងការងារបញ្ចុះបញ្ចូល ក្រុមកីឡាករទាំងអស់នោះ ហើយតាមការបញ្ជាក់ របស់លោកគ្រូបង្វឹក Ole Solskjaer បានជឿជាក់ថា Man United នឹងក្លាយទៅជាក្លឹបនាំមុខគេ ក្នុងការលើកទឹកចិត្តក្លឹបផ្សេងទៀត ឲ្យធ្វើការបរិច្ចាគដូចគ្នានេះ៕
ប្រែសម្រួល៖ស៊ុនលី