ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាជាតិភាគច្រើន ត្រូវបានលើកពេល ប្រកួតទំាងអស់ក្នុងនោះមាន ការប្រកួតកីឡាជាតិលើកទី៣ និងការប្រកួតកីឡា សិស្សបឋមលើកទី១ទៀតផង ដោយសារតែកូរ៉ូណា។
លោកបានបន្តថា ការប្រកួតកីឡាជាតិលើកទី៣ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ដែលជាគោលដៅបាញ់ឆ្ពោះ ទៅទទួលរៀបចំការប្រកួតកីឡា SEA GAMES លើកទី ៣២ ឆ្នាំ២០២៣នោះ ក៏ត្រូវបានពន្យារពេលដូចគ្នាផងដែរ រួមទាំងការរៀបចំ ព្រឹត្តិការណ៍កីឡានានា មុន ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ទិវាកីឡាទេសចរណ៍នានាជាដើម។
ការរៀបចំការប្រកួតចំបាប់បុរាណ ដែលជាកីឡាប្រពៃណីជាតិខ្មែរ ព្រមទាំងទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ នាអំឡុងខែមិថុនា ត្រូវលើកយកទៅរៀបចំ នៅឆ្នាំក្រោយជំនួសវិញ។ ក្នុងខណៈការប្រកួតប្រដាល់គុនខ្មែរ នៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍ ត្រូវបន្តផ្អាកការប្រកួតដែរនោះ។ អ្វីៗគឺដើម្បីចូលរួមបង្ការ និងទប់ស្កាត់កូវីដ១៩ ហើយសកម្មភាពនានា នឹងត្រូវបន្តផ្អាក រហូតដល់មាន ការជូនដំណឹង ជាថ្មីពីរាជរដ្ឋាភិបាល ។
ដោយឡែកទិវារត់ប្រណាំងដ៏ធំប្រចាំឆ្នាំ នៅតំបន់អង្គរខេត្តសៀមរាប ទិវារត់ប្រណាំងម៉ារ៉ាតុងនាខែសីហា និងទិវារត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុងនាខែធ្នូ មិនទាន់សម្រេចផ្អាកនោះទេ ដោយរង់ចាំមើសភាពការណ៍ ១ខែ ឬ២ខែបន្តទៀតសិន ៕ ដោយ៖លី ភីលីព


