ភ្នំពេញ៖ សហព័ន្ធប្រដាល់គុនខ្មែរ បានអនុញ្ញាតឲ្យគ្រប់ ស្ថានីយ៍ទូរទស្សន៍ទាំងអស់ បើកការប្រកួតប្រដាល់ គុនខ្មែរឡើងវិញដូចធម្មតាហើយ ប៉ុន្តែជាការប្រកួត មិនអនុញ្ញាតឲ្យទស្សនិកជន ចូលទស្សនាផ្ទាល់ នៅសង្វៀនប្រកួតឡើយ ដោយការប្រកួតត្រូវបិទទ្វារ ដោយមិនឲ្យមាន អ្នកចូលទស្សនាឡើយ ។
លោកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានស៊ីញ៉េលើសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឲ្យបណ្ដា គ្រប់ស្ថានីយ៍ទូរទស្សទាំងអស់ បើកការប្រកួតប្រដាល់ឡើងវិញ ចាប់ពីពេលផ្សាយដំណឹងនជតទៅ ។ នេះជាការអនុញ្ញាត ឲ្យបើកការប្រកួត ដោយមានបម្រាមខ្លះៗ ដើម្បីការពារកុំឲ្យឆ្លងមេរោគកូរ៉ូណា សម្រាប់បម្រាម នៃលិខិតអនុញ្ញាតនោះ គឺអនុញ្ញាតឲ្យប្រកួត ដោយមានការផ្សាយបន្តផ្ទាល់បាន តែត្រូវយកចិត្តទុកដាក់ខ្ពស់ តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ចំពោះការថែទាំអនាម័យ ក្នុងពេលប្រកួត ។
រាល់ការប្រកួត មិនត្រូវអនុញ្ញាតឲ្យទស្សនិកជន ចូលទស្សនាដោយផ្ទាល់ឡើយ គឺមានតែគណៈកម្មការ កីឡាករ និងអ្នកចាំបាច់តែប៉ុណ្ណោះ ។ ការផ្អាកការប្រកួតកន្លងមកនេះ កីឡាករ ភាគច្រើន បានវិលត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីប្រកបមុខរបរផ្សេងៗ ចិញ្ចឹមជីវិត ។ ហើយពេលនេះដំណឹង នៃការបើកសង្វៀន ប្រកួតឡើងវិញនោះ គណៈកម្មការ អាជ្ញាកណ្ដាលភាគច្រើន រីករាយចិត្តយ៉ាងខ្លាំង ព្រោះពួកគាត់ មិនត្រឹមតែវេទនា លុយចាយ វាយប្រចាំថ្ងៃប៉ុណ្ណោះទេ តែនៅពិបាកលុយ បង់តុងទីនប្រចាំសប្ដាហ៍ទៀតផង ៕ ដោយ៖លី ភីលីព





