កីឡា

CAMSOC៖ ការប្រមូលផ្តុំហ្វឹកហាត់ អត្តពលិកជម្រើសជាតិកម្ពុជា នឹងចាប់ផ្តើមឡើងវិញ នៅឆ្នាំ២០២១

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣(CAMSOC) បានស្នើសុំការអនុញ្ញាត ជាគោលការណ៍ពី សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ថា ការប្រមូលផ្តុំហ្វឹកហាត់ នឹងចាប់ផ្តើមជាថ្មី នៅឆ្នាំ២០២១តទៅ ឲ្យបានពេញលេញ ដោយការហ្វឹក ហាត់ បង្កើនគុណភាពបច្ចេកទេស របស់អត្តពលិកទាំងអស់ ដែលនៅសល់ពេល ប្រហែល២ឆ្នាំកន្លះ។
ប៉ុន្តែប្រសិនបើស្ថានភាពល្អឡើវិញ នៅត្រឹមខែឧសភា ឬខែមិថុនានោះ ការប្រមូលផ្តុំហ្វឹកហាត់ នឹងត្រូវបន្តចាប់ផ្តើមយ៉ាងខ្លាំងក្លាតែម្តង។ នេះជាការលើឡើង របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ឆ្នាំ២ ០២៣ ។

លោកវ៉ាត់ ចំរើន បានមានប្រសាសន៍ឲ្យដឹងថា ក្នុងវិស័យកីឡានេះ ដែលមានក្រសួងអប់រំ យុវជន និងកីឡា ក្រសួង ទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំធ្វើផែនការបង្ការ ចាប់តាំងពីពេលមុនការផ្ទុះខ្លាំង នៃវិបត្តិការរីករាលដាល ជំងឺផ្លូវដង្ហើមប្រភេទថ្មីមួយនេះ ដោយយើងបានត្រៀមជំនាញកីឡា សម្រាប់សហព័ន្ធកីឡាជាតិ ។ ពាក់ព័ន្ធទៅនឹងការប្រមូលផ្តុំហ្វឹកហាត់ យើងបានស្នើសុំការអនុញ្ញាត ជាគោលការណ៍ ពីសម្តេចពិជ័យសេនាទៀ បាញ់ថា នឹងចាប់ផ្តើមជាថ្មីនៅឆ្នាំ២០២១តទៅ ឲ្យបានពេញលេញ ដោយការហ្វឹកហាត់ បង្កើនគុណភាពបច្ចេកទេស របស់អត្តពលិកទាំងអស់ នៅសល់ពេលប្រហែល២ឆ្នាំកន្លះ។ ប៉ុន្តែប្រសិនបើស្ថានភាពល្អឡើវិញ នៅត្រឹមខែឧសភា ឬខែមិថុនានោះ គឺការប្រមូលផ្តុំហ្វឹកហាត់ នឹងត្រូវបន្តចាប់ផ្តើម យ៉ាងខ្លាំងក្លាតែម្តង។

ដោយសារជំងឺកូរ៉ូណានេះ បានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង នៅលើពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា ដែលទទួលរងនូវផលប៉ះពាល់ រួមទាំងវិស័យកីឡាទាំងអស់ នៅបណ្តាប្រទេសជាច្រើន ជាអន្តរជាតិ ដូចជា ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក រដូវក្តៅនៅប្រទេសជប៉ុន ត្រូវបានលើកពេលឆ្នាំ២០២១ នារដូវក្តៅដូចគ្នា ខណៈ ប្រទេសមួយចំនួនក៏មានកីឡាករ គ្រូបង្វឹក មន្ត្រីដឹកនាំការប្រកួតមួយចំនួន ក៏ឆ្លងជំងឺកូរ៉ូណានេះដែរ នៅលើពិភពលោក ដែលនេះកំពុងបង្កក្តីបារម្ភទាំងអស់គ្នា នូវភាពប្រឈមនៃវិបត្តិជំងឺនេះ ហើយយើងទាំងអស់គ្នា ត្រូវតែខ្នះខ្នែងរកវិធីទាំង ឡាយ ដើម្បីឲ្យគោលដៅរបស់យើង ទទួលបានជោគជ័យ សម្រាប់ការទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ កីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ពីព្រោះផលវិបត្តិ នេះកំពុងបង្កផលប៉ះពាល់ ដល់ដំណើរការរៀបចំឆ្ពោះទៅ SEA GAMES ឆ្នាំ២០២៣ នេះដូចគ្នាផងដែរ។

លោក វ៉ាត់ ចំរើន អះអាងថា កម្ពុជាកំពុងត្រៀមយុទ្ធសាស្ត្រ រៀបចំ SEA GAMES ២០២៣ រួចរាល់ ដោយយើងត្រូវស្វែងយល់ អំពីស្ថានភាពទូទៅ វិសាលភាពនៃផលប៉ះពាល់ នៃជំងឺកូរ៉ូណានេះ យើង ដឹងហើយថា ឆ្នាំ២០២០ គឺជាឆ្នាំដែលកម្ពុជា បានត្រៀមបញ្ចូនកីឡាករ កីឡាការិនីជម្រើសជាតិ ចេញទៅហ្វឹកហាត់នៅក្រៅប្រទេស និងក្រុមអត្តពលិកមួយចំនួនទៀត ហ្វឹកហាត់នៅក្នុងស្រុក ដោយអញ្ជើញគ្រូជំនាញបរទេស មកជួយបង្ហាត់បង្រៀនដោយផ្ទាល់ ដើម្បីផ្គុំចូលគ្នាបង្កើតព្រឹត្តិការណ៍ នៃការជំរុញយុទ្ធនាការហ្វឹកហាត់ ជំនាញកីឡាកម្រិតខ្ពស់ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ប៉ុន្តែស្ថានភាពជាក់ស្តែង យើងរងផលប៉ះពាល់ ដោយមិនត្រឹមតែកម្ពុជាទេ គឺប៉ះពាល់ដល់ការហ្វឹកហាត់ត្រៀម របស់បណ្តាប្រទេសអាស៊ាន ដែលគ្រោងនឹងចូលរួម ប្រជែងមេដាយនៅកម្ពុជា នាពេលនោះ ក៏ទទួលរងផលប៉ះពាល់ វិបត្តិជំងឺនេះដូចគ្នា រហូតដល់ប្រទេសខ្លះ បានដាក់ប្រទេសខ្លួន ក្នុងភាពអាសន្ន ដោយបិទការហ្វឹតហាត់ ការប្រកួតទាំងអស់។

ក្នុងស្ថានភាពនេះ គឺកីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ ត្រូវបានឈប់ សម្រាក ប៉ុន្តែគឺជាការសម្រាកសកម្ម ដែលនៅមានការហ្វឹកហាត់នៅតាមផ្ទះ ដែលគោលដៅស៊ីហ្គេម២០២៣ ត្រូវតែធ្វើហើយត្រូវឈរនៅលើស្មារតី ធ្វើដោយការទទួលខុសត្រូវ និងធ្វើឲ្យជោគជ័យ។ ដូចនៅក្នុងមហាសន្និបាត របស់គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីដើមឆ្នាំ២០២០កន្លងទៅ លោកបណ្ឌិត ថោង ខុន ក្នុងឋានៈជាប្រធានអូឡាំពិកម្ពុជា រួមទាំងស្ថាប័នពាក់ព័ន្ធនានា បានប្តេជ្ញាចិត្តខ្ពស់ ហើយថា យើងទាំងអស់គ្នាត្រូវតែរួមគ្នា ធ្វើឲ្យទទួលបាននូវភាពជោគជ័យ ហើយលោករំពឹងទុកថា វិបត្តិជំងឺនេះ អាចនឹងមិនរាតត្បាតយូរទេ ដូច្នេះយើងនឹងបន្តផែនការមេជាបន្តទៀត និងសម្រុកឲ្យកាន់តែខ្លាំងក្លា នៃដំណើរការអភិវឌ្ឍឲ្យបានខ្លាំង ដោយផលប៉ះពាល់នេះ បង្កតែទៅលើគុណភាពបច្ចេកទេសទេ ប៉ុន្តែការត្រៀមលក្ខណៈ នៅមានពេល ដោយគណៈកម្មការជំនាញទាំង១៤ នៃCAMSOC មានពេលវេលាធ្វើកិច្ចការនេះបាន នៅតាមផ្ទះ ខណៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅតែបន្តដំណើរការសាងសង់ យ៉ាងសកម្មដដែល មិនមានការឈប់សម្រាកនោះទេ ដោយហាមប្រាម មិនឲ្យអ្នកក្រៅចេញចូលបាន ពោលគឺមានតែកម្មករជំនាញ នៅក្នុងនោះប៉ុណ្ណោះ។ ចំពោះផែន ការសាងសង់ភូមិកីឡា ក៏កំពុងតែដំណើរការផងដែរ។

«យើងឃើញថា ក្នុងស្ថានភាពវិបត្តិជំងៗនេះ គឺនៅមានចំណុចមួយចំនួននៅតែល្អដែរ មិនប៉ះពាល់ទាំងអស់នោះទេ ហើយមានចំណុចមួយចំនួនទៀត ដែលយើងកំពុងប្រែក្លាយ ឲ្យទៅជាការរៀបចំខ្លួន ឲ្យបានរឹងមាំជាងមុន ល្អជាងមុន ដោយយើងត្រូវចាប់ផ្តើម ចេញដំណើរដោយភាពស្វាហាប់» ៕

Most Popular

To Top