ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតកីឡា វាយកូនបាល់ ដែលមានឈ្មោះថា Davis Cup នោះត្រូវបានពន្យារពេលប្រកួត ដោយសារតែការរំខាន នៃមេរោគកូរ៉ូណាជាផ្លូវការហើយ ព្រោះជារាល់រៀងឆ្នាំកីឡាករកម្ពុជា តែចេញទៅចូលរួមព្រឹត្តិការណ៍ មិនដែរខាន់ឡើយ ។
លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡា វាយកូនបាល់កម្ពុជា បានប្រាប់ ឲ្យដឹងថាឆ្នាំនេះ ការប្រកួតគ្រោងធ្វើនៅប្រទេសទួ នីស្ថាន ដោយសារតែពិភពលោកទាំងមូល ជួបប្រទះនូវវិបត្តិ នៃមេរោគកូរ៉ូណា បានធ្វើឲ្យព្រឹត្តិការណ៍មួយចំនួនធំ ឬស្ទើរតែទាំងអស់ ត្រូវលើកពេល ហើយខ្លះត្រូវលុបចោល តែម្ដងក៏មានដែរ ។
លោកអគ្គលេខាធិការរងបញ្ជាក់ថា ពេលវេលាពិតប្រាកដ នៃការប្រកួតនៅមិនទាន់កំណត់នៅឡើយទេតែសហព័ន្ធអន្តរជាតិ បានដាក់គោលដៅនៅខែកក្កដា ឬខែ សីហាក្នុងករណីដែលមេរោគនេះសាបរលាបពីផែនដីនេះ ។
កីឡាវាយកូនបាល់កម្ពុជា បានបង្កើតនូវប្រវត្តិសាស្រ្តរបស់ខ្លួន តាមរយៈការប្រជែងបានកៅអីសម្រាប់ Davis Cup តែកម្ពុជានៅវិលវល់តែ នៅក្នុងក្រុម៤ ដែលជាក្រុមទាបជាងគេនៅក្នុង Davis Cup និងប្រជែងបានឡើងលេងនៅក្រុម៣ដែលបន្ទាប់ មកក៏ខ្ទាតទៅលេងនៅក្រុម៤ ហើយនឹងវិលវល់មកក្រុម៣វិញ ៕
ដោយ៖លី ភីលីព