ភ្នំពេញ៖ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា គឺលោកធិន វិចិត្របានសម្ដែង នូវការខកចិត្តយ៉ាងខ្លាំងក្នុង ខណៈវគ្គបណ្ដុះបណ្ដាល មន្ត្រីរៀបចំការប្រកួតកីឡាចំបាប់មួយ ត្រូវបានខកខាននាឆ្នាំ២០២០នេះ ដោយសារតែមេរោគកូរ៉ូណា ។
លោកបានបន្ទោស ទៅលើការរាតត្បាតនៃមេរោគកូរ៉ូណា ដែលធ្វើឲ្យអ្វីៗទាំងអស់ នៅក្នុងេពិភពលោក ត្រូវបានលើកពេល ឬត្រូវបានលុបចោលតែម្ដង។ វគ្គដែលគ្រោងនឹងបើកធ្វើឡើងនេះ ស្ថិតក្រោមការជួយជ្រោមជ្រែង ពីសហប័ន្ធអន្តរជាតិ និងក្រោមការចំណាយ របស់ក្រសួងអប់រំយុវជន និង កីឡា ។
កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ មិនតែប៉ុណ្ណោះនាឆ្នាំ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ហេតុនេះកម្ពុជាត្រូវតែមានមន្ត្រី ដែលមានសមត្ថភាព រៀបចំការប្រកួត មន្ត្រីគ្រប់គ្រងការប្រកួត ។
លោកអគ្គលេខាធិការសហព័ន្ធរូបនេះ ទទួលស្គាល់ថា កម្ពុជាពិតជាមានមន្ត្រីរៀបចំការប្រកួត និងគ្រប់គ្រងការប្រកួតកម្រិតជាតិមែន តែមន្ត្រីគ្រប់គ្រង និងរៀបចំការប្រកួត នៅខ្វះពិសេសអាជ្ញាកណ្ដាល និង ចៅក្រមដែលជា អ្នកមានតួនាទីសំខាន់នៅក្នុងការប្រកួត ។ ក្រៅពីខកខាន ក្នុងការទទួលយក នូវវគ្គបណ្ដុះបណ្ដាលមន្ត្រីរៀបចំការប្រកួត និងមន្រ្តីគ្រប់គ្រងការប្រកួតនោះ ការប្រកួតចំបាប់ជើងឯកពិភពលោក(World Champion) នៅប្រទេសហុងគ្រី នាខែឧសភាក៏ត្រូវលើកពេល។
ជាមួយគ្នានេះ ការប្រកួតជម្រុះសម្រាប់ប្រជែង រកកៅអីសម្រាប់កីឡាអូឡាំពិកនៅទីក្រុងតូក្យូប្រទេស ជប៉ុនក៏ត្រូវខកខាន ខណៈកីឡាការប្រកួតកីឡាអូឡាំពិក ត្រូវលើទៅឆ្នាំ២០២១ដែរនោះ ហើយការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ (SEA Champion) នៅប្រទេសហ្វីលីពីន ក៏ត្រូវខកខានដូចគ្នាដែរ ៕ ដោយ៖លី ភីលីព