ភ្នំពេញ ៖ លោក ហែម គិរី អគ្គលេខាធិការ នៃសហព័ន្ធកីឡាខ្មែរហែលទឹក បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាខ្មែរហែលទឹក កំពុងត្រៀមក្នុងការចាប់ផ្តើម ប្រមូលកីឡាករ -កីឡាការិនីហែលទឹក ក្រុមជម្រើសជាតិ ឈុតធំ និងក្រុមជម្រើសជាតិ ថ្នាលឈុតតូច(ត្រៀម SEA GAMES 2023) ចូលរួមហ្វឹកហាត់ឡើងវិញ នាពេលឆាប់ៗនេះហើយ ។
លោកបានបន្តថា ចូលរួមហ្វឹកហាត់ឡើងវិញនេះ យើងបានរៀបចំផែនការមួយចំនួន ដោយមានការស្នើសុំគោលការណ៍ ពីប្រធានសហព័ន្ធ និងក្រសួងអប់រំ យុវជន និងកីឡា តាមរយៈពេលមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា យើងធ្វើការហ្វឹកហាត់ ចាប់ពីក្រុមធំរហូតដល់ក្រុមតូច ប៉ុន្តែការហាត់ ជាក្រុមតូចនេះ យើងមានគ្រូបង្វឹកបង្ហាត់ផ្ទាល់ ដោយធ្វើការបំបែកកីឡាករ-កីឡាការិនី ក្រោម១០នាក់ចុះ អនុវត្តតាមគោលការណ៍ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់មេរោគកូរ៉ូណា ។
លោកអគ្គលេខាបានអះអាងថា ការហ្វឹកហាត់នេះ យើងមិនមកហាត់ទាំងអស់ទេ យើងចែកចេញជាក្រុម តាមតារាងដោយមួយ ក្រុមមានសមាជិកក្រោម១០នាក់ ហើយមុនធ្វើការហ្វឹកហាត់ ត្រូវពិនិត្យសុខភាព ដើម្បីការពារ មេរោគកូរ៉ូណា ព្រមទំាងតាមដានបញ្ហាសុខភាព គ្រប់ពេលវេលា ប្រសិនបើមានបញ្ហា មិនប្រក្រតីយើងនឹង ទុកដាច់ដោយឡែកពីគេ ។ ដូចនៅថ្ងៃនេះក្រុម “ខ” មកហ្វឹកហាត់ជាមួយគ្រូបង្វឹកផ្ទាល់ ក្រុមមួយទៀតត្រូវធ្វើការ ហ្វឹកហាត់នៅផ្ទះធម្មតា។
លោក ហែម គិរីបានបន្ថែមទៀតថា ការសម្រេចចិត្ត ឲ្យកីឡាករ-កីឡាការិនីហ្វឹកហាត់ដូច្នេះ ដោយសារតែយើងមើលឃើញមេរោគកូរ៉ូណា មានសកម្មភាព ធូរស្រាលខ្លះ ចំពោះហ្វឹកហាត់នេះចាំបាច់ដើម្បីត្រៀមខ្លួន ហើយធ្វើបែបនេះ គឺយើងធ្វើដោយមាន ការប្រុង ប្រយ័ត្នខ្ពស់បំផុត យើងនឹងធ្វើការហ្វឹកហាត់ នៅក្នុងអាងហែលទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិក បណ្តុះអាសន្ន សម្រាប់ក្រុមជម្រើសជាតិ ឈុតធំ និងក្រុមជម្រើសជាតិថ្នាលឈុតតូចទេ ចំណែកការបណ្តុះបណ្តាលផ្សេងៗទៀត យើងមិនអនុញ្ញាតឡើយ។
បញ្ជាក់ ៖ការហ្វឹកហាត់ធ្វើសម្រាប់ តែក្រុមជម្រើសជាតិ ឈុតធំ និងក្រុមជម្រើសជាតិ ថ្នាលឈុតតូចនៅទីក្រុងភ្នំពេញប៉ុណ្ណោះ ប៉ុន្តែបើក្រុមជម្រើសជាតិ កីឡាករ-កីឡាការិនីខេត្ត ចង់មកហាត់នៅភ្នំពេញ យើងត្រូវដាក់គាត់ឲ្យដាច់ ដោយឡែករយៈពេល១៤ថ្ងៃ ៕