ភ្នំពេញ៖បន្ទាប់ពីក្រសួងអប់រំ យុវជន នីងកីឡាអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិបើកដំណើរការហាត់ហ្វឹកហ្វឺន នីងការប្រកួតលីគរបស់ខ្លួនឡើងវិញ ជាជំហានៗ ប៉ុន្តែត្រូវមានផែនការអនុវត្តច្បាស់លាស់ ព្រមទាំងគោរពតាមលក្ខខណ្ឌសុវត្ថិភាពសហព័ន្ធខ្មែរហែលទឹកបាន ចុះបាញ់ថ្នាំកម្ចាត់មេរោគ នៅបរិវេនអាងហែលទឹកពហុកីឡដ្ឋានជាតិ និងពិនិត្យសុខភាព។
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹកបាននិយាយថា សហព័ន្ធបានចុះបាញ់ថ្នាំកម្ចាត់ មេរោគនៅបរិវេនអាងហែលទឹកពហុកីឡដ្ឋានជាតិ ដើម្បីត្រៀមឲ្យកីឡាករ-កីឡាការិនីហែលទឹកថ្នាល និងជម្រើសជាតិចូលហ្វឹកហាត់រួមគ្នាឡើងវិញ។ នាព្រឹកនេះយើងឲ្យគ្រូបង្វឹក កីឡាករ-កីឡាការិនី ហែលទឹកថ្នាល និងជម្រើសជាតិ របស់សហព័ន្ធខ្មែរកីឡាហែលទឹក បានចូលរួមពិនិត្យសុខភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
លោកបានបន្តថា ការប្រកួតមិនត្រូវឲ្យមានចំនួន កីឡាករ-កីឡាការិនី នីងមន្ត្រីលើសពី១០០នាក់ ឡើយ មានន័យថា ការប្រកួតតម្រូវឲ្យមានតែកីឡាករ-កីឡាការិនី នីងមន្ត្រីបច្ចេកទេសតែប៉ុណ្ណោះ ទោះបីមានកីឡាករ-កីឡាការិនី នីងមន្ត្រីមិនគ្រប់១០០នាក់ក៏មិន អនុញ្ញាតទស្សនីកជនចូលទស្សនាការប្រកួតឡើយ។ ត្រូវមានវិន័យក្នុងការអនុវត្តគម្លាតការប្រកួត និងគម្លាតបុគ្គល(មិនត្រូវចាប់ដៃ និងឱបរឹតគ្នាពេលទាត់ចូលឡើយ) កន្លែងហាត់ និងប្រកួត មិនមែនជាកន្លែងឆ្លងមេរោគកូរ៉ូណារលកទី២ឡើយ។
លោកអគ្គបានបន្ថែមថា ករណីការប្រកួតលីកអនុវត្តមិនបានត្រឹមត្រូវតាមវិធានការ និងការណែនាំបច្ចេកទេសរបសក្រសួងសុខាភិបាល សហព័ន្ធនឹងទទួលខុស ត្រូវចំពោះមុខច្បាប់។ ដូច្នេះមុនពេលចូលហាត់យើងត្រូវការត្រួតពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ ហើយម៉ឹងម៉ាត់ជាប្រចាំតាមការណែនាំដោយសហការ ជាមួយក្រសួងសុខាភិបាល៕ដោយ៖លី ភីលីព






