កីឡា

លោកស៊ុន សុទ្ធារិទ្ធ ៖ ការប្រកួត និងប្រជុំរបស់កីឡា វាយកូនឃ្លី លើតុ ក្រៅប្រទេសសុទ្ធ តែត្រូវលើក ពេលទំាងអស់

ភ្នំពេញ ៖ លោកស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លី លើតុកម្ពុជា បាននិយាយថា ពេញមួយឆ្នាំនេះអ្វីៗនៅក្រៅប្រទេស ត្រូវបានលុបចោល ក្នុងនោះមានទាំងការប្រជុំ មហាសន្និបាត និងការប្រកួតនានាទៀតផង ហើយលោកបង្ហាញ ពីការសោកស្ដាយ ចំពោះការប្រកួតជើងឯក យុវជនអាស៊ាន នាខែសីហាខាងមុខនេះ តែការប្រកួតនេះ ត្រូវបានពន្យារ ពេលទៅហើយ ។

លោកពន្យល់ថា សម្រាប់កីឡាថ្នាល ដែលសុទ្ធតែស្ថិតក្នុងវ័យ ជាយុវជននោះគេត្រូវការការ ប្រកួតជាលក្ខណៈអន្តរជាតិ ឲ្យបានច្រើន ការប្រកួតក្នុងស្រុកជារឿងសំខាន់ ហើយតែបើមិនមានការប្រកួត ជាលក្ខណៈអន្តរជាតិ ឲ្យបានច្រើនទេនោះ នៅពេលមានការប្រកួត ជាលក្ខណៈអន្តរជាតិ លើកដំបូង គេគេនឹងភ័យ គេនឹងបារម្ភតែបើមានការប្រកួត ជាញឹកញាប់នោះអ្វីៗក្លាយជារឿងធម្មតា ។

លោកអគ្គលេខាធិការ ទទួលស្គាល់ថា ចំណុចប្រឈមពិតជាមានហើយ សម្រាប់ការហ្វឹកហាត់នៅតាមផ្ទះនោះ តាមពិតប្រភេទកីឡាវាយកូនឃ្លី លើតុងាយ រកទីកន្លែងហាត់ និង ប្រកួតបានតែការហ្វឹកហាត់ ដោយគ្រូឈរនៅពីចម្ងាយបែបនេះ វាមិនប្រសើរដូចហ្វឹកហាត់ ដោយផ្ទាល់ពីគ្រូឡើយ ។

ទាំងកត្តាពេលវេលា ទាំងកត្តាចិត្តសាស្ត្រវាមិនបានជំរុញ ឲ្យពួកគេហ្វឹកហាត់បានគ្រប់គ្រាន់ តាមស្ដង់ដារដូចហ្វឹកហាត់ នៅកន្លែងប្រមូលផ្ដុំនោះទេ ។វាបានកន្លងហួស ហើយពេលនេះអ្វីៗបានចាប់ផ្ដើមជាថ្មី ទោះបីរាល់ការហ្វឹកហាត់ ត្រូវធ្វើតាមការណែនាំរបស់ក្រសួង សុខាភិបាល ក៏ពិតមែនតែពួគេបានហ្វឹកហាត់ ផ្ទាល់ជាមួយគ្រូ ។

លោក ស៊ុន សុទ្ធារិទ្ធ បានអះអាងពីការពង្រឹង នូវសមត្ថភាពកីឡាករ-កីឡាការិនីថ្នាលឲ្យបានរឹងមាំ ទោះបី មានការប្រកួត ឬ គ្មានការ ប្រកួតក៏ដោយ ។ កីឡាការហ្វឹកហាត់ និងការប្រកួតត្រូវតែដើរទន្ទឹមគ្នា ហ្វឹក ហាត់ ដោយគ្មានការប្រកួតប្រៀប ដូចជាកាំបិតដែលសម្លៀងមុត ហើយមិនប្រើ ដោយទុកឲ្យវាច្រេះ ចោលទទេៗ ៕ដោយ៖លី ភីលីព

Most Popular

To Top