RABAT៖ ប្រទេសម៉ារ៉ុក នៅតែស្ថិតក្នុងលំដាប់ទី៤៣ ក្នុងតារាងចំណាត់ថ្នាក់ ពិភពលោក របស់ FIFA សម្រាប់ខែមិថុនា ចំណែកឯ ប្រទេសបែលហ្ស៊ិក នៅលើកំពូល បន្ទាប់ពីបង្ហាញជាផ្លូវការនាពេលថ្មីៗ នេះយោងតាម ការចេញផ្សាយ ពីគេហទំព័រ ឆៃណាឌៀលី។
ជាមួយនឹងពិន្ទុសរុប ចំនួន ១,៤៥៦ សម្រាប់ Atlas Lions របស់ប្រទេសម៉ារ៉ុក ដោយកំពុងកាន់កាប់ តំណែងទី៤ នៅក្នុងលំដាប់កំពូល នៃទ្វីប នៅពីក្រោយ ប្រទេសសេណេហ្គាល់ លេខ ២០ ប្រទេសទុយនីស៊ី លេខទី២៧ ប្រទេសនីហ្សេរីយ៉ា លេខទី ៣១ និងអាល់ហ្សេរី លេខទី ៣៥។
ជាថ្មីម្តងទៀត បែលហ្ស៊ិក បានឈរនៅលើកំពូលមាន១,៧៦៥ពិន្ទុ បន្ទាប់មកបារាំង មាន១,៧៣៣ពិន្ទុ ប្រេស៊ីលមាន១,៧១២ពិន្ទុ និងអង់គ្លេស មាន១,៦៦១ពិន្ទុ ។ មិនមានការផ្លាស់ប្តូរ គួរឲ្យកត់សម្គាល់ នៅក្នុងចំណាត់ថ្នាក់ របស់ FIFA ទេ ខណៈការប្រកួតអន្តរជាតិ ត្រូវបានពន្យារពេល ដោយសារការរីករាលដាល នៃមេរោគ COVID-19 ។
អ៊ុយរូហ្គាយ ក្រូអាស៊ី ព័រទុយហ្កាល់ អេស្បាញ អាហ្សង់ទីន និងកូឡុំប៊ី បញ្ចប់ចំណាត់ថ្នាក់លេខ ១០ តាមលំដាប់លំដោយ។ចំណាត់ថ្នាក់ពិភពលោក បន្ទាប់នឹងត្រូវចេញផ្សាយ នៅថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២០ ៕
ដោយ៖លី ភីលីព

