ភ្នំពេញ៖លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានក្លាយជា ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា អាណត្តិទី៨ ឆ្នាំ២០២០-២០២៣ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីសហព័ន្ធ បានធ្វើមហាសន្តិបាត បញ្ចប់អាណត្តិចាស់របស់ខ្លួន នៅសាលប្រជុំនាយកដ្ឋាន អប់រំកាយ និងកីឡា ក្នុងពហុកីឡដ្ឋានជាតិ។
សម្រាប់អាណត្តិទី៨ ឆ្នាំ២០២០-២០២៣មានសមាជិកចំនួន១៥រូប ចំណែកអគ្គលេខាធិការ និងអគ្គលេខាធិការសហព័ន្ធ មិនមែនជាសមាជិកឡើយ។ សមាជិកចំនួន១៥រូប រួមមានលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា លោក អ៊ុក សិទ្ធិជាតិ លោក ឈី សម្បតិ្ត លោក ខេស៊ី បាណេត អនុប្រធាន លោក សាំ យៀង លោក ជូ សុខារី លោក រ៉ាឌី មុំ លោក សាន់ នី លោក គឹម រ័ត្នណារិន លោក ប៉ុន សុខ លោក ហ៊ុន សាមុត លោក ដួង មាសចំរើន លោក ផ្លុង លីឌៀន អែម ប៊ុន្នី និងលោក អ៊ុ ចាន់តារា ។
នាពេលបច្ចុប្បន្ន សហព័ន្ធមានការខ្វះខាត ធនធានមនុស្ស អ្នកឧបត្តម្ភនៅមានកម្រិត និងពុំទាន់មានការចូលរួម ពីសំណាក់មហាជនច្រើនកុះករនៅឡើយ ហើយស្មារតីសហការ និងការបំពេញការងារជាក្រុម នៅពុំទាន់មានការស៊ីសង្វាក់គ្នា ចំពោះហេដ្ឋារចនាសម្ព័ន្ធ ដូចជាទីលានមានតិចតួច និងមិនទាន់សមស្រប តាមស្តង់ដាបច្ចេកទេស ព្រមទាំងខ្វះខាត នូវសម្ភារបច្ចេកទេស ដែលបំពាក់នៅទីលានប្រកួត និងសមស្របតាមស្តង់ដាប្រកួត៕ ដោយ៖លី ភីលីព