ភ្នំពេញ៖ សហព័ន្ធខ្មែរ កីឡាអត្តពលកម្មស័គ្រចិត្ត នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំ ដើម្បីជ្រើសរើសគូ្របង្វឹក ចំនួន៥នាក់ និងកីឡាករ-កីឡាការិនីអត្តពលកម្ម ចំនួន១០នាក់ សម្រាប់ចូលរួមប្រមូលផ្តុំ ក្រុមអត្តពលិកជម្រើសជាតិឆ្នាំ២០២០ ដោយដឹកនាំពីលោក ផៃ សុខ អនុប្រធាន តំណាងឲ្យអ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងប្រធានសហព័ន្ធខ្មែរកីឡា អត្តពលកម្មស័គ្រចិត្ត នៅសាលប្រជុំនាយកដ្ឋាន អប់រំកាយ និងកីឡា។
ក្នុងកិច្ចប្រជុំនេះផងដែរ លោក ហ៊ុន បូរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡា អត្តពលកម្មស័គ្រចិត្ត បានធ្វើរបាយការណ៍ ជូនអង្គប្រជុំពីសកម្មភាពគូ្របង្វឹកនាក់ និងសមត្ថភាព កីឡាករ-កីឡាការិនីអត្តពលកម្ម។ ក្នុងនោះកីឡាករ-កីឡាការិនី៥នាក់ ដែលធ្លាប់ចូលរួម ព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2019 ព្រមទាំង ទទួលបានលទ្ធផលល្អថែមទៀត។
យោងតាមស្មារតីអង្គប្រជុំនិយាយថា ចំពោះកីឡាករ-កីឡាការិនី៥នាក់ ដែលធ្លាប់ចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡា SEA GAMES 2019 ព្រមទាំងទទួលបានលទ្ធផលល្អថែមទៀត ត្រូវជាប់ក្រុមជម្រើសជាតិ ដោយស័្វយប្រវត្តិ ហើ៥នាក់ទៀត សហព័ន្ធនឹងតេស្តិ៍សមត្ថភាព ស្វែងរកចំនួនបន្ថែមទៀត ត្រូវអនុញ្ញាតកីឡាករ-កីឡាការិនី នៅតាមបណ្តោលខេត្តនានា ចូលរួមទំាងអស់ ដើម្បីរកកីឡាករ-កីឡាការិនី មានសមត្ថភាពពិតប្រាកដ។
ចំណែកលោកគ្រូបង្វឹក ចំនួន៧នាក់ ដែលឈរឈ្មោះ អង្គប្រជុំសម្រេចជ្រើសរើស៥នាក់ តាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡាឲ្យ។ ដូច្នេះក្រុមជម្រើសជាតិអត្តពលកម្មឆ្នាំនេះ មានគ្រូបង្វឹកចំនួន៥នាក់ កីឡាករ-កីឡាការិនី១០នាក់ ក្នុងនោះកីឡាការិនី២នាក់ ចំពោះក្រុមជម្រើសជាតិ អត្តពលកម្មថ្នាលវិញ មានគ្រូបង្វឹកចំនួន៤នាក់ កីឡាករ-កីឡាការិនី១៨នាក់ ក្នុងនោះកីឡាការិនី៧នាក់៕ ដោយ៖លី ភីលីព




