កីឡា

បើកវគ្គបណ្តុះបណ្តាល សមត្ថភាព និងបច្ចេកទេសគ្រូបង្វឹក កម្រិតបឋមដល់គ្រូ តាមបណ្តាសមាគម-ក្លិប

ភ្នំពេញ៖ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញចូលរួម ពិធីបើកវគ្គបណ្តុះបណ្តាល សមត្ថភាព បច្ចេកទេស គ្រូបង្វឹកកម្រិតបឋមដល់គ្រូៗ គ្រប់បណ្តាសមាគម-ក្លិប មានរយៈពេល៤ថ្ងៃ នៅសាលប្រជុំ នាយកដ្ឋានសិស្សនិស្សិត។

លោក តែម ម៉ឺនបានមានប្រសាសន៍ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំបើកវគ្គបណ្តុះបណ្តាល សមត្ថភាព បច្ចេកទេស គ្រូបង្វឹកកម្រិតបឋម ដល់គ្រូៗគ្រប់បណ្តាសមាគម-ក្លិប ដើម្បីពង្រីកការយល់ដឹងខ្ពស់ លើការងារហ្វឹកហាត់ បច្ចេកទេសក្បាច់គុនខ្មែរ ឲ្យបានសមស្របតាមស្តង់ដារ ដើម្បីឈានឆ្ពោះទៅកីឡា Sea Game ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ចំពោះសិក្ខាកាម មិនគោរពវិន័យតាមកម្មវិធីសិក្សា និងពុំទទួលបាននូវវិញ្ញាបនបត្រ បញ្ជាក់ការសិក្សានេះឡើយ ដោយមានជូនភ្ជាប់ នូវបទបញ្ជាផ្ទៃក្នុងដល់ គ្រប់សិក្ខាកាមទាំងអស់ ដើម្បីបានពិនិត្យ និងអនុវត្ត។ វិញ្ញាបនបត្រនេះ មានតម្លៃសម្រាប់គ្រូបង្វឹកទាំងអស់ បានចូលរួមវគ្គបណ្តុះបណ្តាល តាមកាលបរិច្ឆេទ នៃការរៀបចំ របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានត្រឹមត្រូវ និងខិតខំយកចិត្តទុកដាក់ក្នុងការសិក្សានេះ ទទួលបានលទ្ធផលល្អប្រសើរ ។

លោក និន ភារម្យបានប្រាប់ដឹងថា ដោយបានអនុញ្ញាត ឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបើកវគ្គបណ្តុះបណ្តាល បច្ចេកទេសគ្រូបង្វឹកកម្រិតបឋម ដល់គ្រប់បណ្តាសមាគម និងអាចទទួលយក បានមកចូលរួមវគ្គសិក្សានាពេលនេះ ។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើការជ្រើសរើសគ្រូបង្វឹក ដែលសុទ្ធសឹងអ្នកដែលមាន សមត្ថភាពកម្រិតវប្បធម៌ ថ្នាក់កម្រិតមធ្យម មកទទួលយកចំណេះដឹង ផ្នែកបច្ចេកទេសនៃការបង្វឹកដល់រួមមាន ការងារអប់រំចិត្តសាស្ត្រ និងក្រមសីលធម៌ ការងារប្រយុទ្ធប្រឆាំង និងការប្រើប្រាស់ សារធាតុដូប៉ាក្នុងវិស័យកីឡាប្រដាល់ ការងារកិច្ចតែងការ សម្រាប់គ្រូបង្វឹក វិធីសាស្ត្របង្ហាត់កម្លាំងកាយ ភាពអំណត់ ភាពទន់ភ្លន់ និងបង្រៀនការធ្វើផែនការហ្វឹកហាត់ ការងារថ្វាយបង្គំគ្រូ ក្បាច់ប្រយុទ្ធ និងក្បាច់ការពារ ។

លោកបានបន្តថា ដូចនេះ យើងឃើញថា វគ្គនេះមានសារសំខាន់ណាស់ចំពោះអស់លោក ជាគ្រូបង្វឹកទាំងអស់ ត្រូវយកចិត្តទុកដាក់កម្រិតខ្ពស់បំផុត ដើម្បីទទួលបានចំណេះដឹងនេះ យកទៅអនុវត្ត នៅក្នុងសមាគម-ក្លិបរបស់ខ្លួន ។ សិក្ខាកាមដែលបានចូលរួម ក្នុងវគ្គសិក្សានាគ្រូឧទ្ទេសនាម ចំនួន១០រូប ពេលនេះមានចំនួន ២៦នាក់ ក្នុងវគ្គនេះយើងមានអគ្គនាយករង អគ្គនាយកដ្ឋានកីឡា ដូចជាលោក ម៉ិល កាដូ លោក អ៊ុក ឌីរ៉ង់ លោក ធម្ម អង្គារ៉ា លោក ទុយ ប៊ុនឈឿន លោក រាជ សូផែន លោក មាស សុខគ្រី លោក អ៊ុន ខេមរិន្ទ និងលោក ឈិត សារឹម។

វគ្គបណ្តុះបណ្តាលនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំជូននូវវិញ្ញាបនប័ត្របញ្ជាក់ការ សិក្សាជូនគ្រប់សិក្ខាកាមទាំងអស់ តាមសមត្ថភាពជាក់ស្តែង ។ ឆ្លៀតឱកាសនេះដែរ ខ្ញុំសូមធ្វើការរំលឹកដាស់តឿន ដល់គ្រូៗទាំងអស់ដែលបានចូលរួមសិក្សា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតបឋម នាពេលនេះ ត្រូវយកអស់ស្មារតី ខិតខំយកចិត្តទុកដាក់ បង្កើននូវសមត្ថភាព យល់ដឹងឲ្យបានច្រើន ធ្វើការកត់ត្រាឲ្យបានច្បាស់ ដើម្បីពង្រីកការចេះដឹង នឹងការចំណាយពេលវេលា និងការខិតខំប្រឹងប្រែង របស់គ្រូឧទ្ទេសនាម ៕ ដោយ៖លី ភីលីព

Most Popular

To Top