ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាល សមត្ថភាព បច្ចេកទេស និងគ្រូបង្វឹកកម្រិត បឋមដល់គ្រូៗ គ្រប់បណ្តាសមាគម-ក្លិប មានរយៈពេល៤ថ្ងៃ នៅសាលប្រជុំ នាយកដ្ឋានសិស្សនិស្សិត សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានដាក់បញ្ជូលមេរៀនពិសេស សម្រាប់សិក្ខាកាម គឺសិក្សា ពីសារធាតុហាមឃាត ក្នុងកីឡាជាលើកដំបូង ឲ្យសមស្របតាមស្តង់ដារ ដើម្បីឈានឆ្ពោះទៅកីឡា Sea Game ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោក ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការ សហព័ន្ធបានមានប្រសាសន៍ថា ក្រសួង និងសហព័ន្ធដាក់បញ្ជូលមេរៀនសិក្សាពីសារធាតុហាមឃាត ក្នុងកីឡាដល់គ្រូបង្វឹកកម្រិតបឋម ដល់គ្រូៗគ្រប់បណ្តា សមាគម-ក្លិប ដើម្បីពង្រីក ការយល់ដឹងខ្ពស់ ការប្រើប្រាស់សារធាតុទំាំងនោះ យើងត្រូវផ្តល់ចំណេះដឹង សម្រាប់ថ្នាក់មូលដ្ឋាន ដល់ថ្នាក់ខ្ពស់ទើបល្អប្រសើរ ។
លោកបានបន្តថា រាល់ការចេញប្រកួត លើកឆាកជាតិ និងអន្តរជាតិគណៈកម្មការប្រកួត និងគណៈកម្មាសារធាតុហាមឃាត ក្នុងកីឡា(ដូពឹង)តែងតែត្រួតពិនិត្យដល់ កីឡាករ-កីឡាការិនី ដែលទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធទៅលើសំណាក់ (ទឹកនោម និងឈាម) រកសារធាតុហាមឃាត ក្នុងកីឡាសម្រាប់ពួកគេ ។ ការងារប្រយុទ្ធប្រឆាំង និងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡាមានសំខាន់ណាស់ សម្រាប់ប្រដាល់គុនខ្មែរ ។
មុននេះបន្តិចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បង្រៀនដោយ លោករាជ សូផែន (មេរៀន បទបញ្ជាគ្រប់គ្រង ការប្រកួតប្រដាល់គុនខ្មែរ) ។ សិក្ខាកាមដែលបានចូលរួម ក្នុងវគ្គសិក្សានាគ្រូឧទ្ទេសនាម ចំនួន១០រូប ពេលនេះមានចំនួន ២៦នាក់ ក្នុងវគ្គនេះយើងមានអគ្គនាយករង អគ្គនាយកដ្ឋានកីឡា ដូចជាលោក ម៉ិល កាដូ លោក អ៊ុក ឌីរ៉ង់ លោក ធម្ម អង្គារ៉ា លោក ទុយ ប៊ុនឈឿន លោក រាជ សូផែន លោក មាស សុខគ្រី លោក អ៊ុន ខេមរិន្ទ និងលោក ឈិត សារឹម ៕
ដោយ៖លី ភីលីព



