ភ្នំពេញ ៖ លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា SEA GAMES ២០២១ នារសៀលថ្ងៃទី២៨ កក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានដឹកនាំកិច្ចប្រជុំ ជាមួយសហព័ន្ធកីឡាជាតិ ត្រៀមចូលរួមព្រឹតិ្តការប្រកួត SEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា ការប្រកួត SEA GAMES លើកទី៣១ ពិធីបើកជាផ្លូវការថ្ងៃទី ២១ វិច្ឆិកាដល់២ ខែធ្នូ ឆ្នាំ២០២១ ក្នុងថ្ងៃបិទកម្ពុជា នឹងទទួលទង់ សម្រាប់ធ្វើជាម្ចាស់ផ្ទះ SEA GAMES លើកទី៣២ ឆ្នាំ២០២១ ។ ការប្រកួតធ្វើនៅ ទីក្រុងហាណូយ និងខេត្តមួយចំនួនទៀត នៅជុំវិញទីក្រុង ដែលម្ចាស់ផ្ទះ វៀតណាម បានរៀបចំ ៣៦ ប្រភេទកីឡា ៤៥០វិញ្ញាសា ដាក់នូវបញ្ជីឈ្មោះដំបូង សម្រេចជាឯកតោភាគី និងបានដាក់មកក្រុមប្រឹក្សា កីឡាអាស៊ីអាគ្នេយ៍ត្រួតពិនិត្យ ។ ស្នើឲ្យសហព័ន្ធសំខាន់ជាងគេ គឺកីឡាករ-កីឡាការិនី ក្រៅប្រទេស សហព័ន្ធកីឡាជាតិនីមួយៗ ត្រូវផ្តល់ព័ត៌មាន ដ៏មានសារៈសំខាន់នេះ ជូនដល់ពួកគាត់។
សម្រាប់កម្ពុជា មាន៨ប្រភេទ កីឡាមានសក្តានុពល ក្នុងការឈានទៅដណ្តើមមេដាយ រួមមានតេក្វាន់ដូ ប៉េតង់ គុនខ្មែរ វាយកូនបាល់ ប្រដាល់សកល វ៉ូវីណាម សីដក់ និងចំបាប់ ។
ជាមួយគ្នានោះកិច្ចប្រជុំ ក៏បានអំពាវនាវឲ្យសហព័ន្ធកីឡាជាតិនានា រៀបចំក្រុម SEA GAMES លើកទី៣២ ឆ្នាំ២០២១ ជាក្រុមពិសេស ក្នុងស្មារតីឆ្ពោះទៅ SEA GAMES លើកទី៣២ ឆ្នាំ២០២១ ដើម្បីលើកកម្ពស់អាទិភាព ឲ្យទទួលបានជោគជ័យ ជាប្រវត្តិសាស្ត្រជា លើកដំបូងរបស់ខ្លួន ៕ដោយ៖លី ភីលីព






