ភ្នំពេញ៖គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈ CADA និងនាយកដ្ឋានអប់រំកាយ និងកីឡា បានរៀបចំសិក្ខាសាលា ប្រឆាំង ដូប៉ា/ដូពិង រយៈពេល២ថ្ងៃ ពីថ្ងៃទី២៩ដល់៣០ កក្កដា ឆ្នាំ២០២០ មានសិក្ខាកាម៥០នាក់ ជាមន្រ្តី វេជ្ជបណ្ឌិត គ្រូពេទ្យព្យាបាល ដោយចលនា គ្រូបង្វឹក និងអត្តពលិកមកពី៩ប្រភេទ កីឡានៅមជ្ឈមណ្ឌលជាតិ ជនពិការតេជោសែន ។
លោក យី វាសនា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ឆ្ពោះទៅអាស៊ានប៉ារ៉ាហ្គេមលើកទី១២កម្ពុជា ធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៣ សម្រាប់គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ត្រូវសហការជាមួយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដោយយើងត្រូវបណ្តុះបណ្តាលធនធាន ក្នុងស្រុករួមមាន អាជ្ញាកណ្តាល គ្រូបង្វឹក ក្រុមគ្រូពេទ្យព្យាបាលដោយចលនា ដើម្បីជួយដល់ក្រុមអត្តពលិកជនពិការ ឲ្យទទួលបានជោគជ័យ ។
លោកបានបន្តថា លោកបានជួបជាមួយ សហព័ន្ធកីឡាជនពិការអាស៊ី និងសហព័ន្ធកីឡាជនពិការ ពិភពលោក តាមអនឡាញដើម្បីជួយបង្ហាត់ បង្រៀនរកធនធាន បច្ចេកទេសក្នុងស្រុក្នុងការ កាត់បន្ថយការចំណាយថវិកាជាតិ ដូច្នេះយើងនឹងកាត់បន្ថយ អាជ្ញាកណ្តាលអន្តរជាតិ បានមួយចំនួនថែមទៀត ។ សព្វថ្ងៃនេះគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា មានកីឡាករ-កីឡាការិនីជនពិការ ជំនាញចំនួន១២៥នាក់ ត្រៀមដណ្តើមមេដាយជូនជាតិ ។
លោកអគ្គលេខាបានបន្ថែមទៀតថា ក្នុងនាមម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ ឆ្នាំ២០២៣ត្រូវបណ្តុះបណ្តាល ឲ្យកីឡាករ-កីឡាការិនីជនពិការ ជំនាញចំនួន៣៥០ ឲ្យដូចបណ្តាលប្រទេសដទៃ ដូចជាម៉ាឡេស៊ី ថៃ និងវៀតណាមមានកីឡាករ-កីឡាការិនី ជនពិការជំនាញចំនួនពី៤០០ ទៅ៥០០នាក់ឯណោះ៕ដោយ៖លី ភីលីព





