ភ្នំពេញ៖នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០លោក តែម ម៉ឺន ប្រធានសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការពង្រឹង ការងារផ្គូរផ្គងប្រដាល់គុនខ្មែរ និងពិភាក្សា អំពីបញ្ហាប្រឈមនានា គ្រប់បណ្ដស្ថានីយ៍ទូរទស្សន៍ ប្រចាំឆ្នាំ២០២០ ដែលជាដៃគូរបស់សហព័ន្ធ នៅសាលប្រជុំ ក្នុងមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទស្តាតចាស់។
ក្នុងឱកាសកិច្ចប្រជុំខាងលើកនេះ ក៏មានអ្នកតំណាងស្ថានីយ៍ទូរទស្សន៍មួយចំនួន និងក្រុមគ្រូពេទ្យ ប្រចាំស្ថានីយ៍ទូរទស្សន៍ ដែលបានរៀបចំ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជារៀងរាល់សប្ភាហ៍ បង្ហាញពីបញ្ហាប្រឈមកន្លងមក និងរដូវកាលមេរោគ COVID-19ផងដែរ។ កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន នីងកីឡានឹងអនុញ្ញាត ឲ្យសហព័ន្ធកីឡាជាតិ បើកដំណើរការហាត់ហ្វឹកហ្វឺន នីងការប្រកួតលីគ របស់ខ្លួនឡើងវិញជាជំហានៗ ប៉ុន្តែត្រូវមានផែនការ អនុវត្តច្បាស់លាស់ ព្រមទាំងគោរពតាម លក្ខខណ្ឌសុវត្ថិភាព ជាពិសេសនោះ ការប្រកួតទាំងនេះ មិនអនុញ្ញាតឲ្យ មានអ្នកទស្សនាឡើយ គឺការប្រកួតបិទទ្វារ។
ការប្រកួតមិនត្រូវឲ្យមានចំនួន កីឡាករ-កីឡាការិនី នីងមន្ត្រីលើសពី១០០នាក់ឡើយ មានន័យថា ការប្រកួតតម្រូវ ឲ្យមានតែកីឡាករ-កីឡាការិនី នីងមន្ត្រីបច្ចេកទេសតែប៉ុណ្ណោះ ទោះបីមានកីឡាករ-កីឡាការិនី នីងមន្ត្រីមិនគ្រប់១០០នាក់ ក៏មិនអនុញ្ញាតទស្សនិកជន ចូលទស្សនាការប្រកួតឡើយ និងក្រោមស្ថិនការត្រួតពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ ហើយម៉ឹងម៉ាត់ ជាប្រចាំតាមការណែនាំ ដោយសហការជាមួយ ក្រសួងសុខាភិបាល៕ ដោយ៖លី ភីលីព






