អ្នកចាត់ការក្រុម Real Madrid លោក Zidane បាននិយាយថា Gareth Bale មិនចង់លេងពាន Champions League តទល់នឹងក្រុម Man City របស់លោក Pep នៅវគ្គ១៦ក្រុមចុងក្រោយឡើយ។
អ្នកចាត់ការសញ្ជាតិ បារាំងបញ្ជាក់ថា ៖«វាជាការសន្ទនាឯកជនរបស់ខ្ញុំនិងគាត់។ គាត់សុំមិនលេង។ វាស្ថិតនៅលើខ្ញុំ និងគាត់ ប៉ុន្តែគាត់បាននិយាយថា គាត់មិនចង់លេង»។
ខ្សែប្រយុទ្ធសញ្ជាតិវេល មិនមានឈ្មោះក្នុងបញ្ជី២៤នាក់ របស់លោក Zidane ឡើយ ក្នុងការប្រកួតកាលពីថ្ងៃសុក្រ។ កីឡាករវ័យ៣១ឆ្នាំ បានលេងតែ១៤ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាល២០១៩-២០២០ និងលេងបានតែ២ដងគត់ ក្នុងប្រទេសអេស្ប៉ាញ តាំងពីបាល់ទាត់ចាប់ផ្ដើមនៅខែមិថុនា។
នៅពេលសួរថា អនាគតរបស់ Bale នៅ Real នឹងទៅជាយ៉ាងណា លោក Zidane ប្រាប់ថា លោកមិនដឹងទេពីបញ្ហានេះ។
អ្នកចាត់ការវ័យ ៤៨ឆ្នាំ ពន្យល់ថា ៖«ខ្ញុំមិនដឹងទេ។ ឥឡូវគាត់ជាកីឡាកររបស់ Real Madrid។ មិនមានការប្រែប្រួលឡើយ។ គាត់ជាកីឡាកររបស់ពួកយើង។ ខ្ញុំគោរពគាត់ ដូចកីឡាករផ្សេងទៀតអ៊ីចឹង។ គាត់សុំមិនលេង នោះជារឿងតែមួយគត់ ដែលខ្ញុំអាចប្រាប់បាន។ អ្នកនៅសេសសល់គឺនៅទីនេះ ដើម្បីលេង។ អ្វីដែលយើងផ្ដោតអារម្មណ៍នៅពេលនេះ គឺការប្រកួត»។
ក្រុមមេឃខៀវ បានយកឈ្នះក្រុមស្ដេចស ២-១ ក្នុងប្រទេសអេស្ប៉ាញកាលពីខែកុម្ភៈ មុនផ្ទុះជំងឺកូវីដ១៩ ធ្វើឱ្យកម្មវិធីប្រកួតត្រូវផ្អាកជិត៥ខែ។ សម្រាប់ការប្រកួតនៅទឹកដីអង់គ្លេស Real ត្រូវការឈ្នះពីរគ្រាប់ដាច់ ទើបអាចឡើងទៅវគ្គបន្តបាន។ ដូច្នេះចាំមើលថាតើ ក្រុមស្ដេចសអាចយកឈ្នះ City ក្រៅដីបានដែរឬទេ? សូមរង់ចាំទស្សនាការប្រកួតនៅម៉ោង ២យប់នេះ! ប្រភព៖Sabay