ភ្នំពេញ៖ ខេមរសហព័ន្ធតេក្វាន់ដូ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ បានបើកវគ្គស្តីពីការបំប៉ន សមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិ ត្រៀមបញ្ជូនអាជ្ញាកណ្តាល និងចៅក្រមអន្តរជាតិសម្រាប់ ព្រឹត្តិការណ៍ការប្រកួតគីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដោយមានសិក្ខាកាមចំនួន ៩នាក់កម្រិតខ្សែក្រវាត់ ៤ដាន់ឡើង (4Dan) អញ្ជើញចូលរួមពិធីលោក ជ្រិន សុធា អនុប្រធានតំណាងឲ្យលោក ហង់ជួន ណារ៉ុន ប្រធានខេមរសហព័ន្ធតេក្វាន់ដូ។
លោក ជ្រិន សុធាបានមានប្រសាសន៍ថា ស្របតាមផែនការរបស់ ខេមរសហព័ន្ធតេក្វាន់ដូ លិខិតលេខៈ ០៧២/២០ខសត ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បង្កើតគណៈកម្មការទទួលខុសត្រូវរួម និងអនុគណៈកម្មការផ្សេងៗ តាមការចាំបាច់ ដើម្បីត្រៀមលក្ខណៈសម្បត្តិ ទទួលការរៀបចំកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ។ យើងបង្កើតអនុគណៈកម្មការអាជ្ញាកណ្តាល-ចៅក្រម ទទួលខុសត្រូវដោយលោក សំ សុខយី ប្រធាន និងលោក ឃឹម សត្ថា អនុប្រធាន និងតាមស្មារតីអង្គប្រជុំថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ កំណត់បានការងារជាអថិភាព គឺរៀបចំផែនការ កំណត់ចំនួនសិក្ខាកាម និងរៀបចំកម្មវិធីដំណើរការវគ្គបំប៉ន។
លោកគ្រូ ឆយ យ៉ុងសុក បានប្រាប់ឲ្យដឹងថា កម្មវិធីវគ្គស្តីពីការបំប៉ន សមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិ ចាប់ផ្តើមនៅថ្ងៃសៅរិ៍ ទី៨ ខែសីហា ឆ្នាំ២០២០ ដោយកម្មវិធីនឹងដំណើរការ រៀងរាល់សប្តាហ៍ទី២ នៃខែនីមួយៗ មានកម្មវិធីរួមដូចតទៅ៖ ថ្ងៃទី៨ សីហា ថ្ងៃទី១២ កញ្ញា ថ្ងៃទី១០ តុលា ថ្ងៃទី១៤ វិច្ឆិកា និងថ្ងៃទី១២ ធ្នូ ឆ្នាំ២០២០។ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរា ជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺកម្ពុជាត្រូវមានអាជ្ញាកណ្តាល និងចៅក្រមកម្រិតអន្តរជាតិចំនួន ៥នាក់យ៉ាងតិច ដើម្បីគ្រប់គ្រងការប្រកួតទាំងមូលបាន។
ដូច្នេះអនុគណៈកម្មការអាជ្ញាកណ្តាល និងចៅក្រម ត្រៀមសម្រាប់ប្រកួត កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ផ្សព្វផ្សាយពីការជ្រើសរើស មន្រ្តីបច្ចេកទេសតេក្វាន់ដូ ដែលមានកម្រិតចាប់ពី ៣ដាន់ (KUKKIWON)ឡើងទៅ ដែលមានចំណាប់អារម្មណ៍ចូលរួម ស្របតាមលក្ខខណ្ឌនៃការជ្រើសរើស សិក្ខាកាមរបស់អនុគណៈកម្មការ។
នៅក្នុងវគ្គដ៏មានសារៈសំខាន់នេះ យើងទទួលបានកិត្តិយសអញ្ជើញ ចូលរួមធ្វើបទបង្ហាញពីគ្រូឧទ្ទេស៖ លោកគ្រូ ឆយ យ៉ុងសុក និងលោក ហែម សំណាង និងការសម្រាបសម្រួល ដោយអនុគណៈកម្មការអាជ្ញាកណ្តាល និងចៅក្រមផ្ទាល់ លើការសិក្សាមេរៀនច្បាប់ អាជ្ញាកណ្តាលអន្តរជាតិ មានផ្នែកមេគុណ ផ្នែកការប្រកួតប្រយុទ្ធ និងចំណេះដឹងពីច្បាប់កីឡាជនពិការផងដែរ ៕
ដោយ៖ លី ភីលីព








