ភ្នំពេញ៖ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WTបានសហការ ជាមួយសាលបណ្ឌិតសភា តេក្វាន់ដូកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ រៀបចំការប្រកួតមេគុន តាមអនឡាញលើកទី៤ ព្រមទំាងប្រគល់លិខិត និងសម្លៀកបំពាកកីឡាតេក្វាន់ដូ អ្នកជាប់ចំណាត់កាល ការប្រកួតអនឡាញលើកទី៣ នៅសាលបណ្ឌិតសភា តេក្វាន់ដូកម្ពុជា នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោក គង់ សក្ខិដា អគ្គលេខាធិការ នៃខេមរសហព័ន្ធកីឡាតេក្វាន់ដូWT បានប្រាប់ឲ្យដឹងថា ការប្រកួតមេគុន តាមអនឡាញលើកទី៤នេះ ដោយមានពីក្លិបចំនួន៦ ដែលមានកីឡាករ-កីឡាការិនី ចូលរួមចំនួន២៦ នៅខេត្តបាត់ដំបង ប៉ោយប៉ែន និងរាជធានីភ្នំពេញ។ ដំបូងយើងតម្រូវ ឲ្យក្លិបកីឡាតេក្វាន់ដូWT ជាសមាជិកខេមរសហព័ន្ធ ត្រូវថតវីដេអូកីឡាករ-កីឡាការិនី ប្រឡងផ្ញើមកខេមរសហព័ន្ធ រួមមានឈ្មោះក្លិប ឈ្មោះកីឡាករ-កីឡាការិនី និងប្រភេទខ្សែក្រវាត់។
លោកបានបន្តថា យើងទុកឲ្យឱកាសរយៈពេល១០ថ្ងៃ ដើម្បីបញ្ជូនវីដែអូ កីឡាករ-កីឡាការិនី ចូលរួមប្រឡង ហើយគណៈកម្មាធិការសម្រេច ជ្រើសរើសប្រកួតប្រឡង តាមអនឡាញ ដោយមានអាជ្ញាកណ្តាល និងចៅក្រមចំនួន៣។ យើងមានការពិបាកខ្លះ ដោយសារឳពុកម្តាយកីឡាករ-កីឡាការិនី ដែលមានខ្សែក្រវាត់ក្រោមពណ៌ក្រហម មិនអនុញ្ញាតខ្លាចមេរោគកូរ៉ូណា។
លោកគ្រូធំ ឆយ យ៉ុងសុក បានប្រាប់ឲ្យដឹងថា សម្រាប់ថ្ងៃនេះគណៈកម្មការ ក៏ធ្វើពីធីប្រគល់លិខិត និងសម្លៀកបំពាកកីឡាតេក្វាន់ដូ អ្នកជាប់ចំណាត់កាល ការប្រកួតអនឡាញលើកទី៣ ចំពោះការចែកនេះ មានវិញ្ញាសាខ្លះ មានត្រឹមចំណាត់ថ្នាក់លេខ ហើយខ្លះទៀត មានចំណាត់ថ្នាក់ រហូតដល់លេខ១ដល់៣ តាមចំនួនចូលរួម កីឡាករ-កីឡាការិនី៕ ដោយ៖លី ភីលីព





