ភ្នំពេញ ៖ ការប្រកួតកីឡា វាយកូនឃ្លីលើតុ ធ្វើតេស្តសាកល្បងបច្ចេកទេស សម្រាប់កីឡាករ-កីឡា ការិនី ក្រុមជម្រើសជាតិ ឈុតធំ និងក្រុម ជម្រើសជាតិ ឈុត តូច ថ្នាល ដំណាក់កាលទី១ ដែលបានប្រព្រឹត្តធ្វើរយៈពេល២ ថ្ងៃ នៅទីលានសាលដំបូលទូក ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក បានបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី១៥ ខែ សីហា ដោយ មាន ការ ចូលរួម ជាអធិបតី និងលើកទឹកចិត្ត ដល់ ជ័យលាភីពីនាយ ឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធ កីឡាវាយកូនឃ្លីលើតុកម្ពុជា ។
លោក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ ថា “ ក្នុងនាម លោកដឹកនាំ សហព័ន្ធ កីឡាវាយកូនឃ្លី លើតុនេះ លោក នឹងបន្ត ឲ្យមាន ការប្រកួត ធ្វើតេស្ត សមត្ថភាពបច្ចេកទេស សម្រាប់ កីឡាករ កីឡាការិនី ជម្រើសជាតិ និង ថ្នាល ឲ្យបាន៣ដងក្នុងមួយឆ្នាំ គឺ ធ្វើ នៅ ត្រីមាស ឆមាស និង ចុង ឆ្នាំ ដើម្បី បង្កើន កម្រិត សមត្ថភាព កីឡាករ កីឡា ការិនី ជម្រើស ជាតិ និ ង ថ្នាល ឲ្យកាន់តែខ្លាំងសម្រាប់ ត្រៀម ការប្រកួត លើឆាកអន្តរជាតិ ពិសេសការប្រកួត កីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១ នៅប្រទេស វៀតណាម និង ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ” ។
បើតាមលោកោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធ កីឡា វាយកូនឃ្លីលើតុ កម្ពុជា បានមានប្រសាសន៍ថា នេះជាការប្រកួតស្ទាបស្ទង់ សមត្ថភាពកីឡាករ-កីឡា ការិនី ក្រុមជម្រើស ជាតិ ឈុតធំ និងក្រុម ជម្រើសជាតិ ឈុតតូច ថ្នាល ដែល ធ្វើការ ហ្វឹកហាត់ ប៉ុន្មាន ខែកន្លង មកបន្ទាប់ពីយើង ឈប់សម្រាក ដោយសារ តែ មេរោគCOVID-19 ចំពោះ ការ ធ្វើ តេស្ត នេះ សហព័ន្ធ ក៏ កំណត់ យក ចំណាត់ថ្នាក់ដែរ។
ការប្រកួតតេស្តសាកល្បង បច្ចេកទេសដំណាក់កាលទី១ ដែលបាន បញ្ចប់ទៅនេះ មាន កីឡាករក្រុមជម្រើសជាតិ ឈុតធំចំនួន៦នាក់ ក្រុមជម្រើសជាតិយុវជនចំនួន៧នាក់ និង កីឡាការិនីថ្នាលចំនួន៦នាក់ ដោយធ្វើការប្រកួត រូបមន្ត ដូចគ្នា ។
លោកអគ្គលេខាធិការ សហព័ន្ធកីឡា វាយកូន ឃ្លីលើតុ កម្ពុជា បានបញ្ជាក់ ថា ក្រោយបញ្ចប់ការ ធ្វើតេស្តនេះ គណៈកម្មការ សហព័ន្ធ អាចដឹងកាន់ តែច្បាស់ ពីសមត្ថភាព របស់ អត្តពលិកនីមួយៗ មាន កម្រិតណា ដែលត្រូវ ចូលរួម ប្រកួត យកមេដាយ លើ ឆាកអន្តរជាតិ ។
ការប្រកួត តេស្តសាកល្បង សមត្ថភាព កីឡាករ កីឡាការិនី ជម្រើសជាតិ និង យុវជន ថ្នាល ជាលទ្ធផល: ការប្រកួតជា ឯកត្តជន ក្រុមជម្រើសជាតិ បុរស ៖ ចំណាត់ថ្នាក់លេខ១ កីឡាករ សឺង តុលា ចំណាត់ថ្នាក់លេខ២ កីឡាករ សារ: ស៊ូព្រីង ចំណាត់ថ្នាក់លេខ៣ កីឡាករ អ៊ុន មាសសម្បត្តិ និងចំណាត់ថ្នាក់លេខ៣ស្ទួន កីឡាករ ប៊ុន វិសាល
ការប្រកួតជា ឯកត្តជន ក្រុមជម្រើស យុវជន និង ថ្នាល ៖ ចំណាត់ថ្នាក់លេខ១ យុវកីឡាករ កេង គិត្តិគុណ ចំណាត់ថ្នាក់លេខ២ យុវកីឡាករ ឃុន ប៊ុនហៀប ចំណាត់ថ្នាក់លេខ៣ យុវកីឡាករ វិជ្ជានន្ន នរពិជិត និងចំណាត់ថ្នាក់លេខ៣ស្ទួន យុកីឡាករ ហួនគីមសុង ចំណែក ការប្រកួតជា ឯកត្តជន នារី៖ ចំណាត់ថ្នាក់លេខ១ យុវកីឡាការិនី បូរ អ៉ិនស៊ូ ចំណាត់ថ្នាក់លេខ២ កីឡាការិនី លាង ចន្ធី ចំណាត់ថ្នាក់លេខ៣ កីឡាការិនី យិន ចាន់រតនា និងចំណាត់ថ្នាក់លេខ៣ស្ទួន យុវកីឡាការិនី សារឿន សុខជាតា៕






