ភ្នំពេញ ៖ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ព្រឹកថ្ងៃទី២៦ ខែ សីហា ឆ្នាំ ២០២០ បានបើកកិច្ចប្រជុំ ជំរុញការហ្វឹកហាត់ ត្រៀម ព្រឹត្តិការណ៍ ប្រកួតកីឡាសូហ្វតិន្នីស ជើងឯកអាស៊ីអាគ្នេយ៍ នៅកម្ពុជានាទីស្នាក់ការ សហព័ន្ធផ្ទាល់ ក្នុងពហុកីឡដ្ឋានជាតិ ក្រោមការដឹកនាំ ដោយលោក ជា សែនវិស្សុត អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា។
ក្នុងកិច្ចប្រជុំ លោក ជា សែនវិស្សុត បានពានាំការសាកសួរ សុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ជូនដល់កីឡាករ-កីឡាការិនី ទាំងក្រុមឈុតធំ និងក្រុមថ្នាល ។
នាឱកានោះ លោក ជា សែន វិស្សុត ក៏បានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវបន្តប្រឹងប្រែងហ្វឹក ហាត់ដើម្បីត្រៀមខ្លួន យកមេដាយពីក្រៅប្រទេស ជូនជាតិមាតុភូមិ ជាពិសេសត្រៀមខ្លួនចូលរួមព្រឹត្តិ ការ ណ៍ប្រកួតកីឡាសូហ្វតិន្នីសជើង ឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាគ្រោង ធ្វើម្ចាស់ផ្ទះចុងឆ្នាំ២០២០នេះ ៕



