ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹក នឹងបើកការបណ្ដុះបណ្ដាល គ្រូបង្វឹកហែលទឹក កម្រិតខ្ពស់ជាលើកដំបូង តាមប្រព័ន្ធអនឡាញ ដែលការបណ្ដុះបណ្ដាល នេះនឹងមានរយៈពេល៤ថ្ងៃ ពីថ្ងៃទី១ដល់ទី៤ ខែកញ្ញា ឆ្នាំ២០២០ បង្រៀនដោយលោកJames Richards មកប្រទេសអង់គ្លេស ប្រើប្រាស់ថវិកា របស់ក្រសួងអប់រំយុវជន និង កីឡាសម្រាប់ការបណ្ដុះបណ្ដាលប្រចាំឆ្នាំ ។
លោក ហែម គិរី អគ្គលេខាធិការ របស់សហព័ន្ធបានប្រាប់ឲ្យដឹងថា វគ្គនេះឧទ្ទេសនាមដោយគ្រូបង្វឹកចក្រភពអង់គ្លេស ដែលសហព័ន្ធកីឡាហែលទឹក អន្តរជាតិផ្ដល់ឲ្យ ។ លោកJames Richards ជាគ្រូឧទ្ទេសនឹងធ្វើការ ឧទ្ទេសនាមពីប្រទេសអង់គ្លេស មកតែម្ដងហើយសហព័ន្ធនឹងរៀបចំ បន្ទប់សិក្សាតាមប្រព័ន្ធអនឡាញ សម្រាប់ដំណើរការវគ្គនេះ ។
សិក្ខាកាមដែលត្រូវសិក្សា មានចំនួន១៩រូបក្នុងនោះនារី២រូប និង២រូបមកពីគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ។
សហព័ន្ធបានស្នើសុំវគ្គសិក្សានេះ ទៅសហព័ន្ធអន្តរជាតិ តាំងពីឆ្នាំ២០១៩មកម្ល៉េះ ដែលពេលនេះ ទើបគេផ្ដល់ឲ្យកម្ពុជា ចំណែកសិក្ខាកាមដែលអាចចូល សិក្សាវគ្គនេះបានសុទ្ធតែធ្លាប់ឆ្លង កាត់វគ្គសិក្សាកម្រិតបឋម និង កម្រិតមធ្យមព្រោះនេះជាវគ្គកម្រិតខ្ពស់ ៕ដោយ៖លី ភីលីព