ភ្នំពេញ ៖ លោក លី កុសល ក្លាយជាប្រធានសហព័ន្ធកីឡា វាយសីកម្ពុជា អាណត្តិទី៥ ២០១៦-២០២៤ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នៅគណៈកម្មការធិការជាតិ អូឡាំពិកកម្ពុជា បន្ទាប់ពីគណៈកម្មាធិការ ប្រវតិបត្តិចាស់ និងតំណាងក្លិបវាយសី ចំនួន៣០បានបោះឆ្នោត ក្នុងពិធីមហាសន្និបាត អាណត្តិទី៤ ឆ្នាំ២០១៦-២០២០ ចាស់ ដោយអញ្ជើញជាសាក្សីពីលោក ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និងលោក ឯម ហៀង តំណាងឲ្យគណៈកម្មការធិការជាតិ អូឡាំពិកកម្ពុជា។
ក្នុងអាណត្តិថ្មី ២០១៦-២០២៤នេះមានសមាជិក៩នាក់រួមមានលោក លី កុលស ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា លោក មាស សារិន អនុប្រធាន លោក ជាម សុភា អគ្គលេខាធិការស្តីទី លោក ធិន សៅ អគ្គហេរញ្ញឹក លោក សុខ ប៉ោង សមាជិក លោក កែវ រស់ សមាជិក (ទទួលបន្ទុកទំនាក់ ទំនងបរទេស និងវាយសីជនពិការ) ។
ចំណែកលោក កុសល សុវណ្ណាវិសាល សមាជិក (ទទួលបន្ទុកព័ត៌មានវិទ្យា) និងទីផ្សារ លោក ម៉ុក សារឿន សមាជិក (ទទួលបន្ទុកបណ្តុះបណ្តាល) និងកញ្ញា គីន សំណាង សមាជិក (ទទួលបន្ទុកការងារស្រ្តី និងកីឡា)។ ចំពោះលោកឧញ៉ា អ៊ឹម ភាន់សុផល ជាទីប្រឹក្សាសហព័ន្ធកីឡាវាយសីកម្ពុជា អតីតកីឡាការិនីជើងខ្លាំងវាយសី អ៊ុង វលក្ខទេវី ជាជំនួសការសហព័ន្ធ ទទួលបន្ទុកយេនឌ័រ។
លោក ជាម សុភា អគ្គលេខាធិការស្តីទី បានមានប្រសាសន៍ថា ទិសដៅផែនការសកម្មភាព អនុវត្តបន្ត សហព័ន្ធមានគោលការណ៍ កែទម្រង់យ៉ាង ស្រេចស្រាវបន្ថែមទៀត លើប្រព័ន្ធដឹកនាំជាសារវ័ន្តគ្រប់វិស័យដូចជា រៀបចំការប្រកួតពានរង្វាន់ ៧មករារៀងរាល់ឆ្នាំ ប្រកួតជំរើសជាតិរៀងរាល់ឆ្នាំ និង ប្រកួតពានរង្វាន់ឯកឧត្តមប្រធានសហព័ន្ធរៀងរាល់ឆ្នាំ។ បញ្ជូនកីឡាករទៅបណ្តុះបណ្តាល Asia development Team រៀបចំវគ្គបណ្តុះបណ្តាល Coach Level I ២ឆ្នាំម្តង – រៀបចំវគ្គ Shuttle Times ២ឆ្នាំម្តង ចូលរួមប្រកួត រាល់ព្រឹត្តិការណ៍ថ្នាក់តំបន់ និងអន្តរជាតិ ត្រៀមបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល និងចៅក្រមក្នុងស្រុក និងអន្តរជាតិ និងជ្រើសរើសអត្តពលិក វ័យក្មេង សម្រាប់បង្វឹកត្រៀមលក្ខណៈសម្បត្តិ ដើម្បីមេដាយនៅស៊ីហ្គេមទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
លោកបានបន្តថា បញ្ជូនកីឡាករវ័យក្មេង ទៅទទួលការបង្វឹកនៅបរទេស រយៈពេលវែង ចូលរួមប្រទេសជិតខាង មកប្រកួតជាមិត្តភាព រៀងរាល់ឆ្នាំ ត្រៀមចូលរួមរៀបចំ ប្រកួតកីឡាជាតិ លើកទី៣ នៅឆ្នាំ២០២០ ត្រៀមចូលរួមរៀបចំប្រកួតកីឡា សិស្សសកលវិទ្យាល័យថ្នាក់ ជាតិលើក ទី១ ឆ្នាំ២០២០ ហើយត្រៀមចូលរួមរៀបចំប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២០ ចូលរួមប្រកួតកីឡាសិស្ស សាលារៀងរាល់ឆ្នាំ ចូលប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១នៅប្រទេស វៀតណាម សហការនិងសម្របសម្រួល ជាមួយមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា សាងសង់ និងហេដ្ឋារចនាសម្ព័ន្ធកីឡា វាយសី តាមនិយាមរបស់BA និងWBF ៕
ដោយ៖លី ភីលីព