ភ្នំពេញ ៖ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានប្រកាសជ្រើសរើស កីឡាការិនី ចំនួន២រូប ដើម្បីចូលរួមហ្វឹកហាត់ ជាមួយក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ដើម្បីចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ Asian Beach Games 2021 នៅប្រទេសចិន នាឆ្នាំ២០២១ខាងមុខនេះ ។
កីឡាករ សាលី អ៊ូម៉ើត ជាកីឡាករឆ្នើមរបស់កម្ពុជា បានបង្ហាញពីការតាំងចិត្ត ក្នុងការជួយបង្វឹកដល់កីឡាការិនីទាំង២រូប ដើម្បីចូលរួមប្រកួត ក្នុងព្រឹត្តិកាណ៍ខាងលើនេះ។ កីឡាកររូបនេះ ក៏បានបង្ហាញពីការបង្កើន នូវការហ្វឹកហាត់របស់ខ្លួន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ ខាងលើនេះដែរ។
កីឡាករឆ្នើមរូបនេះ បានបង្ហាញនូវការតាំងចិត្តថា លោកបានត្រៀមខ្លួន ដើម្បីចែករំលែកនូវបទពិសោធន៍របស់ខ្លួន ដល់កីឡាការិនីទាំង២រូប និងមិត្តរួមអាជីពដទៃទៀត ដើម្បីបន្តនាំយកកិត្តិយ សមកជូនជាតិ ។
សូមបញ្ជាក់ថា សាលី អ៊ូមើត ដែលបានប្រឹងប្រែងប្រកបដោយឆន្ទៈខ្ពស់ រហូតឈ្នះមេដាយមាស ពីការប្រកួត JET SKI WORLD CUP 2019 ដែលមានប្រទេសជាង ៦០ ចូលរួមក្នុងប្រភេទកីឡាម៉ូតូទឹក ឬ Jet Ski លើវិញ្ញា Pro-Am Ski Superstock ដែលនេះជាការប្រកួតជុំចុងក្រោយបំផុត បន្ទាប់ពីឆ្លងកាត់ការចម្រាញ់ រកជើងខ្លាំងមកពីជុំវិញពិភពលោក ៣លើក រួចមកហើយទោះបី កីឡាប្រភេទនេះជាប្រភេទកីឡាថ្មី មួយសម្រាប់កម្ពុជា ។
ប៉ុន្តែរូបគេ តែងតែធ្វើបានល្អ ហើយជាញឹកញាប់រូបគេ បាននាំយកមកវិញ នូវមោទកភាពជាបន្តបន្ទាប់ ក្នុងការប្រកួតតូចធំ នៅក្រៅប្រទេស ។ កីឡាករសាលីអ៊ូម៉ើត គឺជាម្ចាស់មេដាយមាស របស់កម្ពុជា ក្នុងការប្រកួតកីឡាអាស៊ីឆ្នាំ២០១៨ (2018 Asia Games) ៕ដោយ៖លី ភីលីព