កីឡា

Ramos ចេញ​មុខ​និយាយ​ហើយ មិន​ចង់​ឲ្យ Messi ទៅណា ព្រោះ​ហេតុផល​ខ្លះ

ប្រធាន​ក្រុម​របស់ Real Madrid កីឡាករ Sergio Ramos មាន​គំនិត​ថា​មិន​ចង់​ឲ្យ​ដៃ​គូ​ប្រជែង​យូរ​ឆ្នាំ Lionel Messi ចាកចេញ​ពី Barcelona ឡើយ ព្រោះ​គេ​បាន​ជួយ​លីគ​​បាន​ល្អ​ប្រសើរ​ច្រើន​ណាស់។

មាន​ការ​រញ្ជួយ​ក្នុង​ក្លឹប Barcelona ​ជា​ខ្លាំង បន្ទាប់​ពី​ Messi បាន​ដាក់​លិខិត​ទៅ​កាន់​ក្លឹប​​ដោយ​បង្ហាញ​ពី​ជំហរ​ចង់​ចាកចេញ​ក្នុង​រដូវ​ក្ដៅ​នេះ។ Barca មិន​បាន​ឈ្នះ​ពាន​អ្វី​សោះ​កាល​ពី​រដូវ​កាល​មុន ជា​ពិសេស​អាម៉ាស់​មុខ​បំផុត ក្រោយ​ចាញ់ Bayern Munich ៨-២ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League។

Barcelona បាន​ដាក់​​កំរិត​​ថា ប្រសិន​បើ​ក្លឹប​ណា​ចង់​បាន Messi ត្រូវ​ហ៊ាន​ចាយ​៦៣០​លាន​ផោន​ដើម្បី​ទិញ​ផ្ដាច់​កុងត្រា។ ទាក់ទង​នឹង​រឿង​នេះ​ Ramos ​ដែល​ធ្លាប់​ប្រយុទ្ធ​ក្នុង​ការ​ប្រកួត El Clasico ជាមួយ​ម្ចាស់​ពាន Ballon d’Or ៦​សម័យ​បាន​និយាយ​ថា Messi មាន​សិទ្ធិ​​សម្រាប់​ជ្រើសរើស​​ផ្លូវ​ចេញ ប៉ុន្តែ​​​គេគួរ​តែ​បន្ត​នៅ Barcelona។

“ខ្ញុំ​គិត​ថា Messi ទទួល​បាន​ការ​គោរព​ក្នុង​ការ​សម្រេច​ចិត្ត​អនាគត​របស់​គាត់​។ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា គេ​ធ្វើ​នេះ​ត្រូវ​ឬ​យ៉ាង​ណា​ទេ។ ជា​ការ​ពិត​សម្រាប់​បាល់ទាត់​អេស្ប៉ាញ សម្រាប់ Barcelona និង​សម្រាប់​ពួក​យើង ពួក​យើង​​តែងតែ​ចង់​ឈ្នះ​ដើម្បី​ក្លាយ​ជា​អ្នក​ល្អ​ជាង​គេ។ ពួក​យើង​ចង់​ឲ្យ​គេ​បន្ត​នៅ។ Leo បាន​ធ្វើ​ឲ្យ​លីគ​អេស្ប៉ាញ​ប្រសើរ ជួយ​ឲ្យ​ក្រុម​របស់​គេ​ល្អ និង​ធ្វើ​ឲ្យ​ការ​ប្រកួត Clasico មាន​ការ​ទាក់ទាញ​ខ្លាំង”។ សម្ដី Ramos៕ ​

ប្រភព៖sabay

Most Popular

To Top