Lionel Messi បានប្រកាសមិនចាកចេញពីក្រុម FC Barcelona នោះទេ ដោយនៅរហូតដល់ចប់កុងត្រាដែលនៅសល់ ព្រោះមិនចង់ឈ្លោះដល់ឡើងតុលាការជាមួយក្លឹបឡើយ។
ត្បិតតែប្រកាសមិនចាកចេញ និងបន្ដលេងដោយប្រឹងប្រែង១០០%មែន ប៉ុន្តែ Messi នៅតែមិនអស់ចិត្តចំពោះលោក Bartomeu ដដែល។ កីឡាករអាហ្សង់ទីនរូបនេះ បានអះអាងថាប្រធានក្លឹបមិនបានគោរពពាក្យសម្ដីរបស់ខ្លួនទាល់តែសោះ ដែលបានសន្យានឹងរូបគេ ប៉ុន្តែបែរជាលេបសម្ដីខ្លួនឯងទៅវិញ។
Messi បាននិយាយថា៖ “ខ្ញុំបានប្រាប់ទៅថ្នាក់ដឹកនាំក្លឹបថាខ្ញុំពិតជាចង់ចាកចេញមែន។ ខ្ញុំគិតថាក្លឹបត្រូវការកីឡាករក្មេងៗទៀត កីឡាករថ្មី ហើយខ្ញុំគិតថាពេលវេលារបស់ខ្ញុំនៅក្លឹបនេះអស់ហើយ។ ខ្ញុំបានប្រាប់ទៅប្រធានក្លឹប ហើយគាត់តែងតែប្រាប់ខ្ញុំថានៅពេលចប់រដូវកាលនីមួយៗ ខ្ញុំអាចសម្រេចចិត្តថានៅបន្ដឬចាកចេញបាន ប៉ុន្តែចុងបញ្ចប់ គាត់មិនបានរក្សាសម្ដីឡើយ។ គាត់មិនបានធ្វើតាមអ្វីដែលខ្លួននិយាយនោះទេ។ អ្វីដែលពួកគេនិយាយគឺខ្ញុំមិនបានប្រាប់ពួកគេឱ្យបានមុនថ្ងៃ១០មិថុនា ប៉ុន្តែពេលនោះគឺនៅពាក់កណ្ដាលរដូវកាលនៅឡើយទេ”៕
ប្រភព៖ sabay