ភ្នំពេញ៖ លោកកែវ រ៉េមី ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូស្ទីល (ITF) នាយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ អញ្ជើញចូលរួម ពិធីបិទការប្រកួតកីឡាតេក្វាន់ដូស្ទីល (ITF) ពានរង្វាន់មេគុនអន្តរក្លិបលើកទី១ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡា ដែលមានកីឡាការិនី ចំនួន១៥នាក់ មកពីក្លុបចំនួន៥។
លោក កែវ រ៉េមី បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ ប្រភេទវិញ្ញាសាមេគុនកីឡាការិនី មានការរីកចម្រើនខ្លាំងជាងមុន លើសពីការរំពឹងទុករបស់លោក បន្ទាប់ពីធ្វើ ការស្ទប់ស្ទង់សមត្ថភាព និងបច្ចេកទេសក្នុងការជំរុញ ព្រមទំាងពង្រឹងថែមទៀត នូវចំណុចខ្វះខាតមួយចំនួនកន្លងមក។
លោក ប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាតេក្វាន់ដូស្ទីល (ITF) ពានរង្វាន់មេគុនអន្តរក្លិបនេះ ធ្វើឡើងដើម្បីពង្រឹងគុណភាពកីឡាការិនី ផ្នែកមេគុនឲ្យកាន់តែខ្លាំងឡើង យើងធ្វើការប្រកួតលើវិញ្ញាសាឯកត្តជន ចំណែកវិញ្ញាសាគូ និងក្រុមសហព័ន្ធ មិនបានដាក់បញ្ជូលទេ ព្រោះត្រូវគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡានាំគ្នា ប្រយុទ្ធប្រឆាំងនឹងមេរោគCOVID-19។
លោកបានបន្តថា ក្រោមការចង្អុលបង្ហាញ របស់ប្រធានសហព័ន្ធឲ្យធ្វើការ ប្រកួតតេស្តិ៍កីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិឈុតធំ និងកីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិថ្នាល ប្រចាំខែ ដើម្បីស្ទប់ស្ទង់សមត្ថភាព និងបច្ចេកទេសក្នុងការជំរុញ ព្រមទំាងពង្រឹងថែមទៀត នូវចំណុចខ្វះខាតមួយចំនួន៕ ដោយ៖លី ភីលីព







