ភ្នំពេញ ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by Cellcard វគ្គជម្រុះជុំទី១ នាយប់ថ្ងៃទី១២ ខែកញ្ញា អ្នកប្រដាល់ រិន ដេវីដ ក្លិបនាគរាជគុនខ្មែរ ប្រើពេលតែត្រឹម២ ទឹកប៉ុណ្ណោះ ផ្ដួលអ្នកប្រដាល់ រឿន សុខលី ក្លិបយុវជនពន្លកថ្មីព្រែកឯង ឲ្យសន្លប់ក្រោកលែងរួច លើកសង្វៀនព្រែកកំពីសTV5 ។
សុខលី ហាក់ដូចជាបង្ហាញ ពីភាពគ្មានជំនឿចិត្ត ចំពោះការ ប្រកួតនេះ តាំងពីមុនការប្រកួតរចាប់ផ្ដើម ខណៈ រិន ដេវីដ បាននិយាយដោយប្រយ័ត្នប្រយែងថា គេមិនហ៊ានមើលស្រាលគូប្រកួតឡើយ តែគេនឹងប្រកួតឲ្យអស់ពីសមត្ថភាព ។ ដេវីដ ពិតជាធ្វើបានល្អ ដោយគេទាត់សុខលី មួយជើងចំកញ្ចឹង ក និងបន្ថែមប៉ុន្មានកណ្ដាប់ដៃទៀត ធ្វើរឿន សុខលី សន្លប់ក្រោកលែងរួចតែម្ដង ។
រឿន សុខលី ត្រូវខ្ទាតចេញពីការប្រកួត ដោយគ្មានវាសនាបានឡើង ទៅប្រកួតជុំទី២ទៀតឡើយ រីឯរិន ដេវីដបានឧិកាសកក់កៅអី សម្រាប់ប្រកួតវគ្គេជម្រុះជុំទី២បន្តទៀត ។
ចំពោះការប្រកួតក្រៅព្រឹត្តិការណ៍ ពានរង្វាន់វិញនោះអ្នកប្រដាល់ នឹម នន ក្លិបទ័ពឆ័ត្រយោង៩១១ បានបំពាន ដល់ប្រកួត របស់ខ្លួនភួង ពិសិដ្ឋ ក្លិបតាឡីដំរីមានរិទ្ធ នៅទឹកទី២ ហើយត្រូវអាជ្ញាកណ្ដាល កំណត់ឲ្យចាញ់ដោយសារ តែបំពានគូប្រកួត ។
តាមពិតស្ថានភាព នៃការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះ សមត្ថភាពមិនមាននរណា លើនរណាខ្លាំងនោះទេ ។
ចំពោះនឹម នន ដែលជាអ្នកប្រដាល់ដែលមានមហិច្ឆតា ចង់ឈ្នះគូប្រកួតឲ្យបានឆាប់នោះ នៅទឹកទី២ ក្នុងខណៈដែលពិសិដ្ឋដួលនោះនឹម នន បានបន្ថែមមួយជង្គង់ស្ដាំ ចំថ្គាមឆ្វេង របស់ពិសិដ្ឋ បណ្ដាលឲ្យពិសិដ្ឋ ដួលកសន្លប់ក្រោកលែងរួចតែម្ដង ៕




