ខេត្តកំពង់ចាម ៖ ក្លិបតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែនពាមជីកង របស់ខេត្តកំពង់ចាម ក្លិបតេក្វាន់ដូ WT វិទ្យាល័យបឹងត្របែក និងក្លិបតេក្វាន់ដូ WT វិទ្យាល័យប៊ូយ៉ុង-ខ្មែរ បានបញ្ជូនកីឡាករ-កីឡាការិនី ចំនួន៩នាក់ ចូលរួម្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូស្ទីល (WT)ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៥ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឺកហាត់ កីឡាតេក្វាន់ដូប៊ូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិ ក្នុងនោះខេមរសហព័ន្ធតេក្វាន់ដូ WT បានកំណត់យកវិញ្ញាសា ប្រកួតចំនួន១៧វិញ្ញាសា។
លោក សំ សុខឃី ជាសមាជិកខេមរសហព័ន្ធ និងជាគ្រូបង្វឹកកីឡា តេក្វាន់ដូបាន ប្រាប់ឲ្យដឹងថា ក្លិបតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែន ពាមជីកង របស់ខេត្តកំពង់ចាម បញ្ជូនកីឡាករ-កីឡាការិនី ចំនួន៥នាក់ ក្នុងកីឡាការិនី២នាក់ ក្លិបតេក្វាន់ដូ WT វិទ្យាល័យបឹងត្របែក បញ្ជូនកីឡាករ-កីឡាការិនី២នាក់ និងក្លិបតេក្វាន់ដូ WT វិទ្យាល័យប៊ូយ៉ុង-ខ្មែរបញ្ជូនកីឡាករ-កីឡាការិនីចំនួន២នាក់ ។ សកម្មភាពដោយមានការជួយគាំទ្រ ពីលោកបណ្ឌិតសភាចារ្យលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកប្រធានមន្ទីរ អប់រំខេត្ត ស្រុកកងមាស នាយកវិទ្យាល័យហ៊ុន សែន ពាមជីកង ។
លោកគ្រូបានបន្តថា មុនចេញការប្រកួតកីឡាជាតិ យើងនឹងធ្វើការហ្វឹកហាត់ ពង្រឹងសមត្ថភាពបច្ចេកទេស និងស្របតាមគោលការណ៍ ច្បាស់លាស់ធ្វើឲ្យប្អូនៗ កូនៗទាំងអស់គ្នា មានឆន្ទៈមុតស្រួចទទួលបានលទ្ធផលជាផ្លែផ្កា រួមមានមេដាយ មាស ប្រាក់ និងមេដាយសំរឹទ្ធ។ លោកសុំអំពាវនាវដល់ថ្នាក់ដឹកនាំ ខេត្តជួយឧបត្ថម្ភដល់កីឡាករ-កីឡាការិនីហ្វឹកហាត់ រយៈពេលខ្លីពង្រឹងសមត្ថភាព បច្ចេកទេស ៕