ខេត្តតាកែវ ៖ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់ អូឡាំពិកកម្ពុជា សហការជាមួយអនុគណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំពិក ខេត្តតាកែវ រៀបចំការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិក ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២០ ដែលមានប្រតិភូ កីឡាសរុបចំនួន ៨១ មកពីជុំវិញខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ។
ក្នុងឳកាសកម្មវិធី បើកការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិក ថ្នាក់ខេត្តប្រចាំឆ្នាំ២០២០ ប្រចាំខេត្តតាកែវ ក្រោមអធិបតីភាពលោក ហឿង សុផុន អនុរដ្ឋលេខាធិការ តំណាងឲ្យលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំកកម្ពុជា ។
លោក ហឿង សុផុន បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា ជាអង្គការ មិនរកប្រាក់កម្រៃ មានការទទួលខុស ត្រូវក្នុងការអភិវឌ្ឍចលនា កីឡាជនបញ្ញាខ្សោយ ទាំងក្មេង ទាំងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិក ជាអង្គការសង្គមកីឡាដែលទទួលបន្ទុកជនពិការខ្សោយសតិ បញ្ញា ឱ្យទទួលបានសិទ្ធិពេញលេញក្នុងការចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ដែលធ្វើ ឱ្យពួកគាត់ទទួលបាននូវសុខុមាលភាព និងមានភាពក្លាហាន មានបញ្ញាស្មារតីរឹងមាំ សីលធម៌ថ្លៃថ្នូរ និងភាពរាក់ទាក់ពីសំណាក់អាណាព្យាបាល និងកីឡាករ កីឡាការិនី ដទៃទៀត និងជៀសផុតពីការរើស អើងផ្សេងៗនៅក្នុងសង្គម ។
លោកបន្តថា អង្គការនេះ ជានិច្ចកាលតែងតែយកចិត្ត ទុកដាក់ដល់ការពង្រឹង និងពង្រីកចលនាកីឡាជនបញ្ញា ខ្សោយនៅតាមបណ្តាខេត្តនានា។ ដើម្បីឆ្លុះបញ្ចាំងនូវវឌ្ឍភាពកីឡា ស្ប៉េស្យាល់អូឡាំពិកថ្នាក់រាជធានី ខេត្ត គណៈកម្មាធិការ ជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានកំណត់គោលដៅការប្រកួតថ្នាក់ តំបន់នៅតាមបណ្តា ខេត្ត ដូចជាថ្ងៃនេះស្រាប់ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា សហការជាមួយអនុគណៈ កម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តតាកែវ រៀបចំការប្រកួតថ្នាក់ ខេត្តរវាងខេត្តតាកែវ កំពត និងកំពង់ស្ពឺ ដើម្បីជ្រើសរើសកីឡាករឆ្នើមទៅចូលរួមការប្រកួតថ្នាក់ជាតិប្រចាំឆ្នាំ២០២០។ ក្រៅពីនេះ យើងបានសហការ ជាមួយអង្គការ សមាគមនានា ដែលបានគ្រប់គ្រងជន ពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ក្មួយៗ ជនពិការខ្សោយសតិបញ្ញាបានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដែលបង្ហាញនូវការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនពិការ មិនតែប៉ុណ្ណោះយើងមានច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទ្ធិជនពិការទៀតផង ។
ទោះបីជាយ៉ាងណា ក៏ដោយការវិវឌ្ឍនៅមានកម្រិត ដោយចលនាកីឡាស្ប៉េស្យាល់ អូឡាំពិកពឹង ផ្អែកលើការជួយឧបត្ថម្ភទាំងសម្ភារៈ ថវិកា ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួយជំរុញ លើកទឹកចិត្ត និងឧបត្ថម្ភ ថវិកាដល់ចលនាកីឡា ស្ប៉េស្យាល់អូឡាំពិក និងប្រាក់រង្វាន់លើកទឹកចិត្តដល់ អត្តពលិក គ្រូបង្វឹក គ្រូបង្វឹកជំនួយ ដែលបានចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ ដោយមានចែងនៅក្នុងអនុក្រឹត្យ ៕ ដោយ៖លី ភីលីព