ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by Cellcard នាយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នៅសង្វៀន TV5 ព្រែកកំពឹស អ្នកប្រដាល់ជើងចាស់ ឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធបានទម្លាក់អ្នកប្រដាល់ជើងថ្មី លីន សេងហុង ក្លិបបូរីរាជសីហ៍មានរិទ្ធយ៉ាងលំបាកការប្រកួតជម្រុះជុំទី១។
ការប្រកួតដែលមាន៣ទឹកនោះ ឡុង ខេត្ត មានប្រៀបពេញទាំង៣ទឹកតែម្ដង សេងហុងពិតជាក្លាហានមែនតែសមត្ថភាពរបស់គេទាបជាង ឡុង ខេត្ត ឆ្ងាយណាស់គេឡើងទៅប្រកួតប្រៀបបាននឹងឡើងទៅធ្វើជាបាវសាក់ឲ្យឡុង ខេត្តវ៉ៃតែប៉ុណ្ណោះ ចំពោះស្ថានភាពនៃការប្រកួត ប្រសិនបើ ឡុង ខេត្ត មានបំណងផ្ដួលសេងហុនទឹកទី៣គេប្រាកដជាធ្វើបានតែគេហាក់ដូចជាបន្ធូរដៃឲអ្នកប្រដាល់ជើងថ្មីរូបនេះ ។
ទោះជាយ៉ាងណាក៏បន្ទាប់ពីប្រកួតគ្នា៣ទឹកនោះឡុង ខេត្តឈ្នះលីន សេងហុងដោយពិន្ទុ ចំណែកឡុង ខេត្តបានទទួលកៅអីសម្រាប់ឡើងទៅប្រកួតបន្តនៅវគ្គជម្រុះជុំទី២ ខណៈលីន សេងហុងខ្ទាតចេញពីការប្រកួតត្រឹមនេះ ។ ឡុង ខេត្ត គឺជាអ្នកប្រដាល់ទី៦ ដែលប្រជែងបានកៅអីសម្រាប់ឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី២ រីឯលីន សេងហុងក៏ជាអ្នកប្រដាល់ទី៦ដែរដែលបានខ្ទាតចេញពីការប្រកួត៕
ដោយ៖លី ភីលីព



