ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ សហព័ន្ធកីឡាការ៉ាតេដូកម្ពុជា ទទួលបានការគាំទ្រ ពីក្រសួងអប់រំយុវជននិងកីឡា ដោយអនុញ្ញាតឲ្យដំណើរការ រៀបចំការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ កីឡាការ៉ាតេដូកម្ពុជា នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេដូ សាលាភូមិន្ទភ្នំពេញ ។
ពិធីបើកការប្រកួតនេះ បានប្រព្រឹត្តទៅ ក្រោមវត្តមាន លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ជាអគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេដូ កម្ពុជា តំណាង ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេដូ កម្ពុជា។
លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ កីឡាការ៉ាតេដូកម្ពុជា មានការកើនឡើង១០ភាគរយ ពោលឆ្នាំនេះមានកីឡាករកីឡាការិនីចូលរួមចំនួន២៣ សមាគមក្លិបទូទាំងប្រទេស សរុប ប្រតិភូ និង កីឡាករ-កីឡាការិនី ២៣៦នាក់ ។ ការកើនឡើងកីឡាករ កីឡាការិនីចំនួន ១០% នេះ គឺជាការខិតខំប្រឹងប្រែង របស់ថ្នាក់នាំ សហព័ន្ធ បានធ្វើការសម្របសម្រួល ក្លិបកីឡាការ៉ាតេ និងការធ្វើសមាហរណកម្ម សមាគម-ក្លិប រួមបញ្ចូលគ្នាតែមួយ ។
លោកអគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់បន្ថែមថា សហព័ន្ធកីឡាការ៉ាតេដូកម្ពុជាបាន ធ្វើកំណែទម្រង់ ជាច្រើន ក្នុងនោះ សហព័ន្ធក៏ធ្វើ កំណែទម្រង់នេះ ទៅលើ ដើម្បីឲ្យស្របតាមនិយាម របស់គណៈកម្មការ ប្រកួត របស់សហព័ន្ធកីឡាការ៉ាតេដូអន្តរជាតិ ដោយបានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ម្លេះ ។
គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ មានវិញ្ញាសាប្រកួតចំនួន៣៦ បែងចែកជា៣កម្រិត គឺ កុមារ យុវជន និង បុរស នារី ៕
ដោយ៖លី ភីលីព