កីឡា

ទិវារត់ប្រណាំង អន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត ចាប់ផ្តើម នាថ្ងៃទី៦ ខែធ្នូ

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរដ្ឋលេខាធិការក្រសួង ទេសចរណ៍ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចូលរួម ពិធីប្រកាសខួបលើទី២៥ នៃ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត ដែលនឹងប្រព្រឹត្ត ទៅនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ និងការប្រគល់ថវិកា ដល់អង្គការមនុស្សធម៌ និងមន្ទីរពេទ្យកុមារ សម្រាប់ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

លោក វ៉ាត់ ចំរើនបានមានប្រសាសន៍ថា ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៥ ឆ្នាំ ២០២០ គឺជាព្រឹត្តិការណ៍ធំបំផុត ដែលគណៈកម្មការគ្រោងធ្វើឡើង នៅតំបន់អង្គរខេត្តសៀមរាប ប៉ុន្តែក្រោយពីមេរោគ COVID-19 បានវាយប្រហារពិភពលោកយើង សម្រេចចិត្តលុបទំាងអស់ ព្រឹតិ្តការណ៍ទំាងអស់ ដោយធ្វើការរត់ធម្មតាទៅវិញ។
លោកបានបន្តថា សម្រាប់ព្រឹត្តិការណ៍នេះ គ្មានការចូលរួមពីជនបរទេស ដែលមកពីប្រទេសក្រៅ ដោយមានអ្នកចូលរួមជាតិ និងអន្តរជាតិរស់នៅប្រទេសកម្ពុជា ចំពោះអ្នកចូលរួមយើង មិនអាចកំណត់ចំនួនបានឡើយ ដូច្នេះគណៈកម្មការរងចំាំការ សម្រេចចិត្តរបស់ក្រសួង សុខាភិបាលជាអ្នកកំណត់ ដើម្បីប្រយុទ្ធប្រឆាំង មេរោគឆ្លង COVID-19 ។

ក្នុងឳកាសពិធីប្រកាសបើកជាផ្លូវ គណៈកម្មការរៀបចំ ប្រគល់ថវិកា ដល់អង្គការមនុស្សធម៌ និងមន្ទីរពេទ្យកុមារ សម្រាប់ឆ្នាំ២០១៩ ចំនួន១៤៤,៦១១ ដុល្លារអាមេរិក រួមមានកាកបាទក្រហមកម្ពុជាចំនួន ១ម៉ឺនដុល្លារអាមេរិក មន្ទីរពេទ្យ គន្ធបប្ផាចំនួន៥ពាន់ដុល្លារអាមេរិក Cambodia Trust ចំនួន៣៦០០ដុល្លារអាមេរិក Handicap International Belgium ចំនួន៣០០០ដុល្លារអាមេរិក មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀបរាមចំនួន១១១,២១១ដុល្លារអាមេរិក និងអង្គការបះដូងមាស ចំនួន១១,៨០០ដុល្លារអាមេរិក ៕ដោយ៖លី ភីលីព

Most Popular

To Top