ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិក (NOCC) និងអគ្គលេខាធិការ CAMSOCបានមានប្រសាសន៍ថា កីឡាកាយវប្បកម្ម និងវ៉ូវីណាមជាប្រភេទកីឡាមានសក្តានុពលបំផុតអាចមានសមត្ថភាព ដណ្តើមមេដាយមាសជូនសម្រាប់កម្ពុជានៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២១ នៅប្រទេសវៀតណាម និង SEA GAMES ២០២៣នៅកម្ពុជា។
លោកអគ្គលេខាធិការបានបន្តថា កីឡាកាយវប្បកម្ម និងវ៉ូវីណាមរាល់ការចេញទៅចូលរួមប្រកួតលើឆាកអន្តរជាតិតែងតែងឈ្នះមេដាយមាសរហូត។ ចំណែកកីឡាកាយវប្បកម្មសម្រាប់ការប្រកួត SEA GAMES ២០២១ ប្រហែលជាអាចដណ្តើមបានមេដាយមាស២គ្រឿង ដូច្នេះលោកបានឲ្យអគ្គលេខាធិការនៃ សហព័ន្ធកីឡាកាយវប្បកម្មធ្វើការប្រមូលកីឡាករជើងខ្លាំងត្រៀមហ្វឹកហាត់ឡើងវិញ។
លោក វ៉ាត់ ចំរើន បានបន្ថែមទៀតថា ម្ចាស់ផ្ទះវៀតណាមដាក់៣៦ ប្រភេទកីឡាក្នុងការប្រកួត ចំណែកកម្ពុជា នឹងបញ្ជូន ៣១ប្រភេទកីឡាត្រៀមចូលរួម ជាមួយប្រភេទកីឡាមានសក្តានុពលដណ្តើមមេដាយ បានចំនួន១១ ប្រភេទរួមមានកីឡាប៉េតង់ តេក្វាន់ដូ WT វ៉ូវីណាម ចំបាប់ វាយកូនបាល់ វ៉ូស៊ូ ប្រដាល់សកល ប្រដាល់ Kick Boxing សីដក់ ប្រដាល់ (គុនខ្មែរ) និងកីឡាកាយវប្បកម្ម ។ ប្រភេទកីឡាអាចឈានដល់រកមេដាយ រួមមានកីឡាការ៉ាតេ កីឡារាំ កីឡាអុក Xiangqi និងបាល់បោះ៣ទល់៣នាក់ ៕ដោយ៖លី ភីលីព


