ភ្នំពេញ ៖ បិទវគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសកម្រិត១កីឡាកាយសម្ព័ន្ធ(Level 1 ClassP-1 and P-2) មានសិក្ខាកាមចូលរួមចំនួន២២រូប ក្នុងនោះមាន៦រូប ជានារីនៅទីរួមខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០រៀបចំដោយសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា និងប្រើប្រាស់ថវិកា របស់ក្រសួងអប់រំយុវជន និង កីឡា។
លោក ណយ ផាណា ជាអគ្គលេខាធិការ របស់សហព័ន្ធបានឲ្យដឹងថា តាមផែនការសកម្មភាពឆ្នាំ២០២០ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកវគ្គបណ្តុះបណ្តាល បច្ចេកទេសគ្រូជំនាញកម្រិត១(Level 1 Class P1 and Class P2) ដើម្បីពង្រឹង នូវគុណភាព ជូនដល់គ្រូបង្វឹកកម្រិត១ ប្រភេទកីឡាកាយ សម្ព័ន្ធឲ្យមានការយល់ដឹងកាន់តែប្រសើរ និងត្រៀមលក្ខណៈឲ្យបានល្អ សម្រាប់ចំណេះជំនាញមួយនេះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍កីឡាជាតិ នាពេលខាងមុខ ជាពិសេសគឺឆ្ពោះទៅរកឧត្តមភាព ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជូនជាតិមាតុភូមិ ដែលរាជរដ្ឋាភិបាលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ ។
លោកបានបន្តថា វគ្គនេះគាំទ្រដោយ កញ្ចប់ថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា បានទម្លាក់ ជូនសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា ក្នុងគោលបំណង ពង្រឹង សមត្ថភាពក្នុង កញ្ចប់បណ្តុះបណ្តាលធនធានមនុស្ស ។ វគ្គបច្ចេកទេសគ្រូជំនាញ កម្រិត១ (Level 1 Class P1 and Class P2)នេះ ត្រូវបានអញ្ជើញ មកបង្រៀន ដោយលោកគ្រូឧទ្ទេស ណយ ផាណា និងលោកគ្រូជំនួយ សោ សុផេង ជាគ្រូជំនាញរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធ ដែលមានកម្រិតបច្ចេកទេស FIG Academy Level I an II in Artistic Aerobic Gymnastics ។
លោកអគ្គលេខាធិការសហព័ន្ធថា តាមរយៈការធ្វើតេស្ដិ៍នោះក្នុងចំណោម សិក្ខាកាមចំនួន២២រូប មាន១០រូបបានទទួល និទ្ទេសល្អ ៨រូបបានទទួលនិទ្ទេស ល្អបង្គួរ និង៤រូបបានទទួលនិទ្ទេសមធ្យម ។ ឆ្លងកាត់ការសិក្សាផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង របស់សិក្ខាកាមបានបង្ហាញឲ្យឃើញ អំពីការយល់ដឹង បន្ថែមលើទ្រឹស្តី និងការអនុវត្តផ្ទាល់ នៃប្រភេទកីឡាកាយសម្ព័ន្ធកម្រិត១ (Level 1 Class P1 and Class P2) ព្រមទាំងលើកកម្ពស់នូវកម្រិត សមត្ថភាពបច្ចេកទេស និងដកស្រង់បាននូវបទ ពិសោធន៍ល្អៗថែមទៀត ៕ដោយ៖លី ភីលីព