ភ្នំពេញ ៖ កីឡាជាច្រើនប្រភេទចាប់ផ្តើមធ្វើការហ្វឹកហាត់តាមផ្ទះ ដើម្បីពង្រឹងសមត្ថភាព បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាចេញសេចក្តីជូនដំណឹង ការផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្ដុំ និងការផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ជាបណ្តោះអាសន្នសម្រាប់រដូវCOVID-19។
កីឡាការិនីវ៉ូវីណាម ម្ចាស់មេដាយមាស កម្រិតពិភពលោក ប៉ាល់ ឆរស្ស៊ី បាននិយាយថា ក្រោយក្រសួងអប់រំ យុវជន និងកីឡា ផ្អាកការចេញ-ចូល ក្នុងបរិវេណពហុកីឡដ្ឋានជាតិ អូឡាំពិកជាបណ្តោះអាសន្ន យើងពួកធ្វើការហ្វឹហាត់ តាមផ្ទះដូចធម្មតា តាមកម្មវិធី របស់គ្រូបង្វឹក ដើម្បីពង្រឹងសមត្ថភាព ត្រៀមចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២០ខាងមុខនេះ ។
ម្ចាស់មេដាយមាសកម្រិតពិភពលោក បានបន្តថា អ្វីដែលសំខាន់សម្រាប់កីឡាវ៉ូវីណាមនោះ គឺត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០២១នៅប្រទេសវៀតណាម នាខែវិច្ឆិកា ហើយមិនថា កីឡាវ៉ូវីណាមទេ កីឡាផ្សេងៗក៏ធ្វើការហ្វឹកហាត់តាមផ្ទះដូចគ្នា ហើយនឹងវីដេអូ ឲ្យគ្រូបង្វឹកដើម្បីតាមដាន សកម្មភាពរបស់កីឡាករ-កីឡាការិនី ៕ដោយ៖លី ភីលីព


