ភ្នំពេញ ៖ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានបន្តរៀបចំកម្មវិធីអប់រំគុណតម្លៃ អូឡាំពិកជាលើកទី៣ ប្រចាំឆ្នាំ២០២០ នៅអនុវិទ្យាល័យ ឆាយឆុប ស្ថិតនៅ្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ តាមគម្រោងដើម្បីបន្តបញ្ជ្រាបការផ្សព្វផ្សាយ ចលនាអូឡាំពិក។
លោក តុប បញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រង គម្រោងនៃគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាបាននិយាយថា គោលបំណង នៃកម្មវិធីអប់រំគុណតម្លៃអូឡាំពិក គឺដើម្បីបញ្ជ្រាបការផ្សព្វផ្សាយ ចលនាអូឡាំពិក និងនាំឲ្យយុវជន ប្រជាពលដ្ឋលេងកីឡា ដើម្បីសុខភាព ព្រមទាំងស្វែងយល់ពីយុទ្ធនាការ ប្រជាជន ម្នាក់លេងកីឡាមួយមុខ និងការត្រៀមទទួលធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ។
សម្រាប់កម្មវិធី នៅលើកទី៣នេះ មានកម្មវិធីជាច្រើនដូចជាបទបង្ហាញជូនដល់សិស្សា នុសិស្ស របស់លោក ប៊ុយ សុភ័ណ្ឌ ពីយុទ្ធនាការផ្សព្វផ្សាយរបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងលោក ញ៉ាន សុខវិសាល បានធ្វើបង្ហាញ អំពីចលនាអូឡាំពិក និងគុណតម្លៃអូឡាំពិក ។ បន្ទាប់ពីធ្វើបទបង្ហាញនេះ ក្រុមការងារក៏បាននាំ សិស្សានុសិស្ស លេងកីឡា ការលេងល្បែងកម្សាន្ត ដែលបង្កើតបាននូវបរិយាកាស សប្បាយរីករាយជូនដល់ពួកគាត់គ្រប់ៗគ្នា ព្រមទាំងទទួលបាននូវចំណេះដឹង នៃចលនាអូឡាំពិកផងដែរ ៕
ដោយលី ភីលីព




