ភ្នំពេញ៖ ការកសាងពហុកីឡដ្ឋានជាតិ មរតកតេជោនឹងបញ្ចប់ នៅឆ្នាំ២០២១ហើយ បន្ទាប់ពីនោះ អ្វីដែលសំខាន់បំផុត សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ជាភូមិកីឡា ដែលជាកន្លែងស្នាក់នៅដ៏មានផាសុខភាព និងសុវត្ថិភាព ចំពោះកីឡាករ-កីឡាការិនីមកពី១១ប្រទេស ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំ SEA GAMES 2023 បានលើកឡើងថា ពិធីបើក និងបិទគឺជាបញ្ហាសំខាន់នោះ ហេដ្ឋារចនាសម្ព័ន្ធ ទីលានប្រកួតកីឡាផ្សេងៗ ក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោក៏ជារឿងសំខាន់ ហើយគម្រោងដ៏សំខាន់មួយទៀតនោះ គឺភូមិកីឡា ឬ បុរីកីឡា(Sport Village)ជាកន្លែងស្នាក់នៅ ហូបចុករបស់កីឡាករ-កីឡាការិនី ក្នុងអំឡុងពេលប្រកួតកីឡា SEA GAMES 2023 ។
គម្រោងសាងសង់ភូមិកីឡា ឬបុរីកីឡា គឺជាការសហការ ជាមួយក្រុមហ៊ុនឯកជន World Bridge Sport Village ដោយនៅក្នុងគម្រោង ដែលមានសោភ័ណ្ឌភាព និងរចនាបទល្អគោរព ទៅតាមបទដ្ឋាននិយាម នៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវសាងសង់លើផ្ទៃដី ទំហំប្រមាណ៨ហិកតា ស្ថិតនៅផ្នែកខាងក្រោយ ពហុកីឡដ្ឋានជាតិមរតកតេជោ។
លោកអគ្គលេខាធិការបានបន្តថា ភូមិកីឡានេះ មានអគារស្នាក់នៅវីឡាមួយចំនួនទៀត សម្រាប់មន្ត្រី អាជ្ញាកណ្តាល ចៅក្រម ដោយមានបន្ទប់ស្នាក់នៅជាង ១,៧០០បន្ទប់ ក្នុងនោះមានបន្ទប់ខ្លះ មានគ្រែ១ រហូតដល់គ្រែ៥ បំពាក់សម្ភារៈមួយចំនួន នៅតាមបន្ទប់ ដើម្បីផ្តល់ផាសុកភាព ជូនដល់កីឡាករ-កីឡាការិនី រយៈពេលប្រមាណ ១ខែ ដោយសារអត្តពលិកអន្តរជាតិ អាចមកមុនពេល SEA GAMES ជាង១០ថ្ងៃ និងក្រោយ SEA GAMES ពី២ ទៅ៣ថ្ងៃ។
ក្នុងភូមិកីឡានេះ នឹងរៀបចំឲ្យមានសារមន្ទីរ SEA GAMES នឹងផ្ទុកវត្ថុអនុស្សាវរីយ៍ទាំងឡាយ នៅសារមន្ទីរ SEA GAMES សម្រាប់ការសិក្សាស្រាវជ្រាវ របស់សិស្សានុសិស្ស និស្សិត ក៏ដូជាមហាជនទូទៅជំនាន់ក្រោយៗ អាចស្វែងរកការស្រាវជ្រាវ នៅទីនោះបាន។
ភូមិកីឡានេះ នឹងត្រូវប្រគល់ជូនCAMSOC នាចុងឆ្នាំ២០២២ សម្រាប់ការរៀបចំប្រើប្រាស់ SEA GAMES ឆ្នាំ២០២៣ តាមការគ្រោងទុក នឹងអាចមានអត្តពលិក ប្រមាណ ៧.០០០នាក់ រួមទាំងប្រតិភូ មន្ត្រី គ្រូបង្វឹក ប្រមាណ ៣.០០០នាក់ទៀត សរុបប្រមាណ ១០.០០០នាក់ នៅក្នុងភូមិកីឡាតែមួយនេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ថែរក្សាសុវត្ថិភាព ក៏ដូចជាអាចហូបចុក ស្នាក់នៅជុំគ្នា ព្រមទាំងងាយស្រួល ក្នុងការដឹកជញ្ជូនផងដែរ។
ព្រឹត្តិការណ៍កីឡាSEA Games លើកទី៣២ ដែលកម្ពុជា ត្រៀមទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ នឹងធ្វើឡើង នៅចន្លោះថ្ងៃទី០៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕ ដោយ៖លី ភីលីព