ភ្នំពេញ៖អ្នកប្រដាល់ យ៉ន ពិសី ក្លិបសាលវ័ន្ដកីឡាបានក្លាយជាជាបេក្ខជនចុងក្រោយដែលដណ្តើមកៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ការប្រកួតកីឡាគុនខ្មែរ TV5 Boxing Knock-Out Sesrie by CellCard បន្ទាប់ពីយកអ្នកប្រដាល់ សាន់ សំអុន ក្លិបអារុណរះកីឡាដោយពិន្ទុនាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នៅសង្វៀន TV5 ព្រែកថ្លឹង ។
ការប្រកួតទំាង៣ទឹកនោះចៅក្រមទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យយ៉ន ពិសីឈ្នះទាំង៥រូបតែម្ដង ទោះបីសំអុនមានឳកាសច្រើនដើម្បីផ្ដួលពិសី ព្រោះអ្នកប្រដាល់រូបនេះក៏ជាអ្នកប្រដាល់មួយរូបដែលមានកណ្ដាប់ដៃធ្ងន់អស្ចារ្យណាស់ ។
ស្ថានភាពនៅក្នុងការប្រកួតសំអុនបែរជាបញ្ចេញអាវុធមិនរួចទៅវិញជាហេតុធ្វើឲ្យពិសីមានឳកាសកាន់តែច្រើនក្នុងការវាយលុកនោះ ចុងក្រោយសំអុនក្លាយជាអ្នកការពារវិញ ដោយសារពិសីវាយប្រហាររហូតតែទោះជាយ៉ាងណាក៏ពួកគេប្រកួតគ្នារហូតដល់ចប់ទឹកទី៣ ។
ចំពោះអ្នកប្រដាល់ជើងខ្លាំង៤រូបឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួមមានអ្នកប្រដាល់ជើងខ្លាំង ធន អៀងឡៃ ក្លិបកងយោធពលខេមរភូមិន្ទ អ្នកប្រដាល់ជើងខ្លាំងរិន ដេវីដ ក្លិបនាគរាសជចតុមុខ អ្នកប្រដាល់ជើងខ្លាំង ឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធ និងអ្នកប្រដាល់ជើងខ្លាំង យ៉ន ពិសី ក្លិបសាលវ័ន្ដកីឡា៕
ដោយ៖លី ភីលីព




