ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បើកកិច្ចប្រជុំត្រៀមរៀបចំការ ប្រកួតកីឡាលើកទម្ងន់ ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តនា ខែមករា ឆ្នាំ២០២១ នៅសាលតុមូល នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ជាការប្រកួតលើកទី១ របស់សហព័ន្ធគ្រោង នឹងធ្វើឡើងថ្ងៃទី៦ និង៧ ខែមករា ឆ្នាំ២០២១ ដើម្បីអរអបសាទរ ខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា នៅខេត្តកណ្តាល ចំណែកវិញ្ញាសាវិញគណៈកម្មការ នឹងកំណត់នៅពេលក្រោយ ។
លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតខាងលើកនេះ ដើម្បីចម្រាញ់ រកកីឡាករ-កីឡាការិនី ទម្ងន់កម្ពុជាឆ្នើមចូលរួម ជាក្រុមអត្តពលិកជម្រើសជាតិ២០២១ និងត្រៀមការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES 2023 នៅកម្កុជា ៕
ដោយ៖លី ភីលីព



