តូក្យូ៖ ក្រុមប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បានសន្យានៅថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសទាំងពីរ នឹងគាំទ្រគ្នាទៅវិញទៅមក ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ប្រកបដោយជោគជ័យ។
លោកវ៉ាង យី បានលើកឡើងថា ប្រទេសចិន គាំទ្រយ៉ាងសកម្ម ចំពោះការធ្វើជាម្ចាស់ផ្ទះអូឡាំពិក ទីក្រុងតូក្យូរបស់ជប៉ុន និងកោតសរសើរចំពោះការគាំទ្ររបស់ជប៉ុន ចំពោះព្រឹត្តិការណ៍អូឡាំពិក រដូវរងានៅទីក្រុងប៉េកាំង។
លោកបានបន្ដថា ការរៀបចំសម្រាប់ព្រឹត្ដិការណ៍អូឡាំពិក រដូវរងារទីក្រុងប៉េកាំង កំពុងដំណើរការទៅយ៉ាងរលូន ហើយត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។
លោកបានបន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការអូឡាំពិកចិន និងជប៉ុន នឹងលើកកម្ពស់មិត្តភាព រវាងប្រជាជនទាំងពីរ និងលើកកម្ពស់ការចូលរួមចំណែករបស់អាស៊ី ចំពោះបុព្វហេតុកីឡាអូឡាំពិកអន្តរជាតិ។
លោកបានថ្លែងថា ជប៉ុនគាំទ្រប្រទេសចិន ក្នុងការធ្វើជាម្ចាស់ផ្ទះអូឡាំពិក រដូវរងារប្រកបដោយជោគជ័យ ដោយសង្ឃឹមថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងឆ្លងកាត់ដំបងអូឡាំពិកពីតូក្យូ ទៅទីក្រុងប៉េកាំង ដើម្បីធ្វើឱ្យការប្រកួតកីឡាអូឡាំពិក ទាំងពីរទទួលបានជោគជ័យទាំងស្រុង៕
ដោយ ឈូក បូរ៉ា